បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនបានច្រានចោលនូវលទ្ធភាព ក្នុងការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅចូលរួមខួបលើកទី៨០នៃព្រឹត្តិការណ៍ D-Day នៅ Normandy នៅខែមិថុនាក្រោយឡើយប្រសិនបើ ស្ថានភាពផ្លាស់ប្តូរនៅអ៊ុយក្រែននោះ។
លោក Macron ត្រូវបានគេរាយការណ៍ថា បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធ ក្នុងវគ្គសម្ភាសន៍រយៈពេល មួយម៉ោងជាមួយទូរទស្សន៍រដ្ឋ France 5 ។
នៅពេលត្រូវបានសួរអំពីការប្រារព្ធខួបនាពេលខាងមុខ និងថាតើមេដឹកនាំរុស្ស៊ីអាចនឹងបង្ហាញខ្លួនឬអត់នោះ លោក Macron បាននិយាយថា វាគឺជាលទ្ធភាពមួយ ប្រសិនបើគាត់ធ្វើកិច្ចចរចាសន្តិភាព និងផ្លាស់ប្តូរស្ថានភាពជាមួយ ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ។
គួរឲ្យដឹងដែរថានៅក្នុង សន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុន លោក Macron បានប្រាប់អ្នកយកព័ត៌មានថា ជម្លោះអ៊ុយក្រែនបានធ្វើឱ្យទំនាក់ទំនងជាមួយរុស្ស៊ី មិនអាចទទួលយកបានប៉ុន្តែថា លោកនឹងរីករាយទទួលយកការហៅទូរស័ព្ទពីលោក Putinប្រសិនបើគាត់យល់ព្រម ចំពោះសន្តិភាពដែលគោរពច្បាប់អន្តរជាតិ ហើយដូច្នេះផលប្រយោជន៍ និងអធិបតេយ្យភាពអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី