វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តចូលរួមជាមួយប្រទេសចិន ពី “ជំហររឹងមាំ” នៅឆ្នាំ២០២៤ ដោយកត់សម្គាល់ថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយដៃគូ ដែលមានគំនិតដូចគ្នានៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក “មិនដែលមានភាពរឹងមាំជាងនេះទេ” ។
នៅក្នុងសន្និសីទសារព័ត៌មាន ចុងឆ្នាំរបស់លោក Blinken ក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក “មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាងពេលណាទាំងអស់” ជាមួយក្រុមប្រទេសទាំង៧ និងសហភាពអឺរ៉ុប “លើបញ្ហាប្រឈម ដែលបង្ហាញដោយទីក្រុងប៉េកាំង” ។
ទាក់ទងនឹងការអនុវត្តពាណិជ្ជកម្ម និងសេដ្ឋកិច្ច “បង្ខិតបង្ខំ” របស់ចិន សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត និងកង្វល់ផ្សេងទៀតនោះ លោកបានលើកឡើងថា ទំនាក់ទំនងកាន់តែស៊ីជម្រៅ បានធ្វើឱ្យសហរដ្ឋអាមេរិកអាចដោះស្រាយ ពួកគេកាន់តែមានប្រសិទ្ធភាព។
សមិទ្ធិផលសំខាន់ៗមួយចំនួនក្នុងឆ្នាំ២០២៣ ដែលលោកបានលើកឡើងរួមមានការពង្រឹង “យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការត្រីភាគី” ជាមួយជប៉ុន និងកូរ៉េខាងត្បូង ការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយវៀតណាម និងឥណ្ឌូនេស៊ី និងការឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយហ្វីលីពីន។
នៅពេលដែលពិភពលោក ឈានចូលដល់ឆ្នាំ២០២៤ លោក Blinken បានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្ត “ឈរស្មាគ្នាជាមួយអ្នកដែលចែករំលែក ទស្សនៈវិស័យរបស់យើង សម្រាប់ពិភពលោកសេរី បើកចំហ វិបុលភាព និងសុវត្ថិភាព”។
ក្នុងអំឡុងសន្និសីទសារព័ត៌មានលោក Blinken បានលះបង់ពេលវេលាជាច្រើនរបស់លោក ដើម្បីប្រមូលផ្តុំសភាអាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីបន្តគាំទ្រសេរីភាព និងឯករាជ្យភាពរបស់អ៊ុយក្រែន និងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបញ្ចប់សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល ឈូក បូរ៉ា