ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ ២ម៉ឺន នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនរងគ្រោះរួមមានកុមារជាង ៨០០០នាក់ និងស្ត្រី ៦២០០ នាក់ ខណៈដែលមនុស្សជាង ៥២០០០ នាក់បានរងរបួស និង៦៧០០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
បុគ្គលិកពេទ្យសរុប ៣១០នាក់ បុគ្គលិកការពារជនស៊ីវិល ៣៥នាក់ និងអ្នកកាសែត ៩៧នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ទន្ទឹមគ្នានេះដែរ ជនជាតិប៉ាឡេស្ទីនពីរនាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិច ជាមួយទាហានអ៊ីស្រាអែល នៅក្នុងតំបន់វេសបែង នៃទីក្រុងហេប៊ន និងបេសឡេហេម។
វាបានបង្កើនចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល នៅក្នុងទឹកដីកាន់កាប់ដល់ ៣០៣ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនជុំថ្មីនេះបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា នេះបើយោងតាម WAFA ដែលជាទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់ប៉ាឡេស្ទីន។
អ៊ីស្រាអែល បាននឹងកំពុងបើកការវាយលុក ទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ដើម្បីសងសឹកនឹងការវាយប្រហារដ៏គួរឱ្យ ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា នៅពេលដែលមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា