ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងាររាជរដ្ឋបាល បន្តផ្ដល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង អនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឲ្យជោគជ័យ។
ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានកែសម្រួលបន្តពីក្រុមការងាររាជរដ្ឋាភិបាល នីតិកាលទី៦ កន្លងមកមាន សម្ដេច ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា ជាប្រធានក្រុមការងារ កាលពីថ្ងៃទី២០ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឲ្យដឹងថា យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនេះ មានអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់នៃខេត្តព្រៃវែង ដែលក្នុងនីតិកាលទី៦កន្លងទៅ បានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត និងទូទាំងប្រទេសមានភាពកក់ក្ដៅ និងកាន់តែជឿជាក់លើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសលើការរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារជីវភាពសង្គមឡើងវិញក្រោយវិបត្តជំងឺឆ្លងនេះ។
នាឱកាសនោះដែរ ទន្ទឹមនឹងការប្រកាសសមាសភាពក្រុមការងារ អាណត្តិថ្មី លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារខេត្ត ក៏បានណែនាំឲ្យពន្លឿនការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង ហើយចាប់ផ្ដើមពិនិត្យឡើងវិញនូវសំណើ សំណូមពរប្រពលរដ្ឋដែលមិនទាន់បានដោះស្រាយ ហើយបន្តចុះទៅមូលដ្ឋាន និងធ្វើវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់ និងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕