ព័ត៌មានអន្តរជាតិ

ទំហំពាណិជ្ជកម្ម រវាងរុស្សីនិងឥណ្ឌា អាចកើនឡើងទៅដល់១០០ពាន់លានដុល្លារ

RT

បរទេស៖យោងតាមការចេញ ផ្សាយរបស់RT រាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអ្នកវិភាគ មកពីក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ី ដែលហៅកាត់ថាRABC បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងរុស្ស៊ីត្រូវបានគេរំពឹងថា នឹងឈានដល់១០០ពាន់លានដុល្លារ នៅចុងទសវត្សរ៍នេះ។

ការនាំចេញរបស់រុស្ស៊ី ទៅកាន់ប្រទេសឥណ្ឌា ត្រូវបានគេព្យាករណ៍ថា នឹងកើន ឡើងពី៣២,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ទៅដល់៩៥ពាន់លានដុល្លារក្នុងឆ្នាំ២០៣០ ខណៈដែលការនាំចូលត្រូវបាន ព្យាករណ៍ថានឹងកើនឡើងពី២,៥ពាន់លានដុល្លារ ដល់ជាង២០ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ។

គេសង្កេតឃើញថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មិនសូវមមាញឹកខ្លាំងឡើយ កាលពីមុនឆ្នាំ២០២២ ទោះបីជាទណ្ឌកម្មរបស់លោកខាងលិច ដាក់លើរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន បានបង្ខំឱ្យទីក្រុងមូស្គូប្តូរ ទិសការនាំចេញទៅកាន់អាស៊ីវិញ។

ប្រភពដដែលបានបន្ថែមថា កាលពីដើម សប្តាហ៍នេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Denis Alipov បាននិយាយដោយដក ស្រង់ទិន្នន័យ របស់រដ្ឋាភិបាលឥណ្ឌាថា ចំណូលពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាឈានដល់៥៤,៧ ពាន់លានដុល្លារក្នុងរយៈពេល ដប់ខែដំបូងនៃឆ្នាំ២០២៣នេះហើយ ទីក្រុងមូស្គូបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ទាំងបួនរបស់ទីក្រុងញូវដេលី៕

ប្រែសម្រួល៖ស៊ុនលី

To Top