ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការធ្វើពាណិជ្ជកម្ម របស់ពិភពលោក តាមផ្លូវទឹក នៅតែដើរតួនាទីយ៉ាងសំខាន់

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការធ្វើពាណិជ្ជកម្ម របស់ពិភពលោក មកដល់ម៉ោងនេះ គឺការធ្វើពាណិជ្ជកម្ម តាមផ្លូវទឹក ដែលនៅតែតួនាទីយ៉ាងសំខាន់។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែមានសារៈសំខាន់សម្រាប់តភ្ជាប់ការ ដឹកជ្ជូនទំនិញរវាងផ្លូវគោក និងផ្លូវទឹក និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។

សម្ដេចមានប្រសាសន៍ថា «ពាណិជ្ជកម្មរបស់ពិភពលោក មកដល់ម៉ោងនេះ រាប់រយឆ្នាំ គឺការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក នៅតែតួនាទីយ៉ាងសំខាន់។ កាលពីពេលមុនផ្ដាច់មុខ គឺផ្លូវទឹកតែម្ដង ព្រោះថា ពេលមុនអត់យន្ដហោះទេ»

សម្ដេចបន្ដថា បច្ចុប្បន្នមានការដឹកជញ្ជូនតាមផ្លូវអាកាសខ្លះៗ ប៉ុន្ដែទោះបីយ៉ាងនេះក្ដី ក៏មិនជំនួសតាមផ្លូវទឹកដែរ។ តាមទន្ន័យរបស់កម្ពុជា ផ្លូវទឹកមានការចរាចរណ៍យ៉ាងច្រើន ទោះបីមានផ្លូវគោក ផ្លូវអាកាស។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈពិសេសចំនួន២ គឺខួប៧០ ឆ្នាំនៃទំនាក់ទំនង ការទូតកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងប្រទេសទាំងពីរ ៕

To Top