ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក បានវាយប្រហារមកលើកប៉ាល់១គ្រឿង នៅឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា

រូបភាពពី៖​ AFP

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បានវាយប្រហារមកលើកប៉ាល់១គ្រឿងដែលចេញពីឆ្នេរសមុទ្រនៃប្រទេសឥណ្ឌា ក្នុងសមុទ្រអារ៉ាប់ ។

យោងតាមប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ថា (UKMTO) បានឲ្យដឹងថា ការវាយប្រហារនេះបណ្តាលឱ្យមានការផ្ទុះ និងឆេះកប៉ាល់ពាណិជ្ជករ ។ ទោះបីជាយ៉ាងនេះក្តី មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ ។

សេចក្តីថ្លែងការណ៍ដែលចេញដោយ UKMTO បានឲ្យដឹងថា “UKMTO បានទទួលរបាយការណ៍នៃការវាយប្រហារដោយប្រព័ន្ធ Uncrewed Aerial System ហៅកាត់ (UAS) នៅលើនាវាដែលបណ្តាលឱ្យមានការផ្ទុះ និងអគ្គីភ័យកើតឡើង ។ ឧប្បត្តិហេតុ 200NM នៅភាគនិរតីនៃទីក្រុង Veraval ប្រទេសឥណ្ឌា ។ ភ្លើងបានត្រូវពន្លត់មិនមានអ្នកស្លាប់នោះទេ” ហើយ “អាជ្ញាធរកំពុងស៊ើបអង្កេត ។ នាវាត្រូវបានណែនាំឱ្យឆ្លងកាត់ដោយប្រុងប្រយ័ត្ន និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយទៅកាន់ UKMTO” ។

សារព័ត៌មានឥណ្ឌា រាយការណ៍មកថា នាវិកនៅលើកប៉ាល់នោះ រួមមានជនជាតិឥណ្ឌាចំនួន២០នាក់ ។

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីក្រុមហ៊ុន Ambrey ដែលជាក្រុមហ៊ុនសន្តិសុខដែនសមុទ្រដោយបានបញ្ជាក់ថា “កប៉ាល់នោះបានដឹកសារធាតុគីមី និងផលិតផលដែលមានទង់ជាតិលីបេរីយ៉ា … មានទំនាក់ទំនងជាមួយអ៊ីស្រាអ៊ែល” ហើយបានធ្វើដំណើរចេញពីប្រទេសអារ៉ាប៊ីសាអូឌីត មកកាន់ប្រទេសឥណ្ឌា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ឆ្មាំប្រចាំនៅឆ្នេរសមុទ្រឥណ្ឌា និងនាវាកងទ័ពជើងទឹកកំពុងធ្វើដំណើរឆ្ពោះទៅកាន់កប៉ាល់ពាណិជ្ជករមួយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top