ដាម៉ាស់ ៖ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងស៊ីរី បានរារាំងការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយ “អង្គការភេរវករ” នៅក្នុងតំបន់ជនបទនៃខេត្តអាឡេប៉ូ និងខេត្តហាម៉ា កាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អង្គភាពនៃកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតំបន់ជនបទបានការពារភូមិ និងទីប្រជុំជនប្រឆាំង នឹងការវាយលុកពីលើអាកាស ដោយបានបំផ្លាញយន្តហោះដ្រូនចំនួន ៧គ្រឿង។
ក្រុមឧទ្ទាមនៅភាគខាងជើងប្រទេសស៊ីរី ជាពិសេសនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសនាពេលថ្មីៗនេះ បានបង្កើនការវាយប្រហារដោយយន្តហោះដ្រូន ប្រឆាំងនឹងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ។
ការវាយប្រហារដ៏សាហាវបំផុតបានកើតឡើងនៅដើមខែតុលា នៅពេលដែលការវាយប្រហារ ដោយយន្តហោះដ្រូន បានសម្លាប់បុគ្គលិកយោធា និងជនស៊ីវិលជាង៨០ នាក់ ក្នុងអំឡុងពេលព្រឹត្តិការណ៍បញ្ចប់ការសិក្សា នៅសាលាយោធាក្នុងខេត្តហូម៕
ប្រែសម្រួល ឈូក បូរ៉ា