ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្ក្រាបក្មេងទំនើង ឃាត់ខ្លួនបាន ៤៦នាក់ លើ២២ករណី មួយសប្តាហ៍ចុងក្រោយនេះ

ភ្នំពេញ ៖ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមរបាយការណ៍ប្រចាំថ្ងៃ ក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ​៤៦នាក់​ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី ។

លោកថា ក្រៅពីបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង គឺជារឿងដ៏រសើបមួយ ក្នុង​ចំណោមបញ្ហាធំៗ ទាំង៦ ដែល​ក្រសួងមហាផ្ទៃ ​បាន​ដាក់គោលដៅអាទិភាព ក្នុង​អាណត្តិរដ្ឋសភា នីតិកាលទី៧នេះ ។ ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផល នាពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង របស់អង្គភាព ក្រោមចំណុះក្រសួងមហាផ្ទៃ ដែលមាន អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការនគរបាលរាជធានីខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាល នៅទូទាំងប្រទេស ដែលអស់លោកមានសមត្ថកិច្ច បាននិងកំពុងតែធ្វើការងារយ៉ាង​យកចិត្តទុកដាក់ ដើម្បីធានាបាននូវសន្តិសុខ ក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

បណ្ឌិត ទូច សុឃៈ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ​ដែលត្រូវដោះស្រាយ ​នៅទូទាំងប្រទេសក្នុង ចំណោមទិសដៅ អាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ «អ្វីៗធ្វើដើម្បីផ្ដល់ភាព កក់ក្ដៅជូនប្រជាពលរដ្ឋ» ។

​លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងដាក់តឿនក្រើនរម្លឹក និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់​ ដល់កិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រម​ទាំងជំរុញ បន្តធ្វើការ​បន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកប​ប្រសិទ្ធភាព ប្រសិទ្ធផល និង​សង្គតិភាព ។ ​ក្រៅពីតាមដាន ក្របួច និង​បង្ក្រាបជនសង្ស័យ ការអនុវត្តផែនការ សកម្មភាពផ្សព្វផ្សាយអប់រំ ​ក៏ជាគោលការណ៍ត្រូវធ្វើ និងទាមទារឲ្យមានការ ចូលរួមពីចំណោមយុវជន និងប្រជាពលរដ្ឋផងដែរ ៕

To Top