ព័ត៌មានជាតិ

សម្ដេចធិបតី ស្នើក្រសួងផែនការ ឲ្យប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ច ទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើក្រសួងផែនការ ឲ្យប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ច ទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយជំរឿន សេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ នៅព្រឹកថ្ងៃ២៦ ធ្នូ សម្តេចធិបតីថ្លែងថា «សូមស្នើឲ្យ ក្រសួងផែនការ ប្រែក្លាយទិន្នន័យ ជំរឿនសេដ្ឋកិច្ចនេះ ឲ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និង ច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់ វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោល នយោបាយដោយ ផ្អែកលើភស្តុតាង និង ព័ត៌មាននេះ ។ ខ្ញុំ សូមលើកទឹកចិត្តឲ្យផ្សព្វផ្សាយ លទ្ធផលទាំងនេះ បានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ»។

សម្ដេចធិបតីបន្ដថា ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិ ស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឲ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូត្រូវរៀបចំ ឲ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រ សំណាកគំរូសមស្រប។

សម្ដេចធិបតីបន្ថែមថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ, ម្យ៉ាងដើម្បីលើកកម្ពស់ ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម និង ម្យ៉ាងទៀត ដើម្បីជាធាតុចូលសម្រាប់គ្រប់ ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន។

សម្ដេចធិបតី បន្ដទៀតថា ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាព មន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ ការងារអង្កេត និងជំរឿនចាំបាច់នានា ព្រមទាំងការងារ ប្រែក្លាយទិន្នន័យឲ្យទៅជាព័ត៌មាន គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាល ប្រើប្រាស់ទាន់ពេល។

សម្ដេចធិបតីឲ្យដឹងទៀតថា ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និង ការវិភាគស្ថិតិ ទាំងក្នុងស្រុក និងបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ឲ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏ស្នើក្រសួងសេដ្ឋកិច្ច ពិនិត្យលទ្ធភាពបែងចែកធនធាន ថវិកាសម្រាប់វិនិយោគ លើការបណ្តុះបណ្តាល ធនធានមនុស្ស និង បង្កើនមូលធនមនុស្ស ដែលបានចង្អុល បង្ហាញក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់ការយោគលើ ឧបករណ៍បរិក្ខារបច្ចេកវិទ្យា សមស្រប សម្រាប់ក្រសួងផែនការ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឲ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និងរហ័សទាន់ពេល ៕

To Top