ព័ត៌មានជាតិ

ថ្នាក់ដឹកនាំកិច្ច សហប្រតិបត្តិការ មេគង្គ-ឡានឆាង ប្តេជ្ញាចិត្តកសាង សហគមន៍វាសនារួម នៃសន្តិភាព វិបុលភាព ឲ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការ មេគង្គ-អានឆាង លើកទី៤ ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង បានប្តេជ្ញាចិត្ត ក្នុងការកសាង សហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាពឲ្យកាន់តែប្រសើរ ឡើងនៅក្នុងតំបន់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា នៅថ្ងៃ២៥ ធ្នូ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយសហប្រធាន លោក មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ។

នាឱកាសនោះ កោតសរសើរផងដែរ ចំពោះមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រ គម្រោងជាង៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការពង្រឹងសិទ្ធិអំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយប្រទេសសមាជិកទាំងប្រាំមួយ។ ថ្នាក់ដឹកនាំ បានស្វាគមន៍ ចំពោះការអនុម័តគម្រោង ដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឲ្យពង្រឹង ប្រសិទ្ធភាពក្នុង ការអនុវត្តគម្រោងទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងជួយ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន នៅក្នុងប្រទេសទាំងប្រាំមួយ។

ថ្នាក់ដឹកនាំ បានប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការកសាងសហគមន៍ រួមនៃសន្តិភាព និង វិបុលភាពក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង ខណៈមានការប្រឈមមុខការ ប្រែប្រួលនៃពិភពលោកយ៉ាងឆាប់រហ័ស និងបញ្ហា ប្រឈមដែលមិនធ្លាប់មានពីមុនមក ។ ថ្នាក់ដឹកនាំ បានអះអាងសាជាថ្មីនូវការសហការដើម្បីដោះស្រាយបញ្ហា ប្រឈមរួមគ្នា និងបានឯកភាពជំរុញការអភិវឌ្ឍ ខ្សែក្រវាត់អភិវឌ្ឍន៍ សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដែលផ្តោតលើប្រជាជន ដោយប្រើប្រាស់កាលានុវត្តភាព ពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញ នៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំ ក៏បានប្តេជ្ញា បន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នា ដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយនឹងលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កាពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។

ចំពោះការអភិវឌ្ឍនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់ នៃការកសាងសហគមន៍ ដែលមានវាសនារួមគ្នានៃសន្តិភាព និង វិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង ឲ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ «ខ្សែក្រវាត់អភិវឌ្ឍន៍ សេដ្ឋកិច្ច» ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងអនុតំបន់និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុង តំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុង កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឆ្លងដែននិងភាព ប្រកួតប្រជែងរយៈពេលវែងរបស់តំបន់ ៕

To Top