ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន បន្តបង្កើនចំនួនស្ត្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំ គ្រប់កម្រិត

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៦ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យគ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ត្រូវបន្តបង្កើនឲ្យមានចំនួនស្ត្រី ក្នុងតួនាទីជាថ្នាក់ដឹកនាំ នៅគ្រប់កម្រិត ។

ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្តីរីករាយដោយបាន ចូលរួមមីទ្ទីងអបអរសាទរខួបទី១០៩ ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធាន «មានសន្តិភាពមានការ លើកកម្ពស់សមភាពយេនឌ័រ» ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងសម្រេចជ្រើសរើសក្នុងគោលបំណង បង្ហាញអំពីតម្លៃសុខសន្តិភាព ដែលរកបានដោយលំបាក ជាមួយនឹងបាវចនា «អរគុណសន្តិភាព» ដែលធ្វើឲ្យកម្ពុជាមានការ អភិវឌ្ឍលើគ្រប់វិស័យ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែយក ព្រះទ័យទុក្ខដាក់អំពីសុខទុក្ខ នឹងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់ សមភាពយែនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។

សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាព ស្រ្តីនិងកុមារ ជាពិសេសការផ្តល់សេវា បានទាន់ពេលវេលាជួយជនរងគ្រោះ ដោយអំពីហិង្សាប្រកបដោយ ប្រសិទ្ធិភាពសមធម៌ និងបរិយាបន្ទ។

សម្ដេចបន្តថា ប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់ យេនឌ័រ» ពិតជាមានអត្ថន័យ និងសារៈសំខាន់ស្របតាមគោលការណ៍ រាជរដ្ឋាភិបាលដែលបាន និងកំពុងផ្តោតការយកចិត្តទុក ដាក់ខ្ពស់ទៅលើការ លើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ដែលមានចំនួនជាង ៥០% នៃចំនួនប្រជាជនសរុប ដើម្បីឱ្យពួកគេក្លាយជា ធនធានប្រកបសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ សម្ដេចថា ទិវាអន្តរជាតិ ៨មីនា នៅថ្ងៃនេះគឺជាការបង្ហាញអំពី គុណសម្បត្តិគ្រប់លក្ខណៈរបស់ស្រ្តី ដែលជាមាតាពិភពលោក ជាមួយនឹងបាវចនា «ជួយស្រ្តី គឺជួយខ្លួនឯង» និង «សិទ្ធិស្រ្តី គឺជាសិទ្ធិមនុស្ស»។

សម្ដេចគូសបញ្ជាក់ថា ទន្ទឹមគ្នានេះ កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយឹនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្រ្តី ត្រូវបានវាយតម្លៃខ្ពស់ តាមរយៈការចាត់ចំណាត់ថ្នាក់ របស់វេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០ ដែលកម្ពុជាទទួលបានវឌ្ឍនភាព ក្នុងការកាត់បន្ថយគម្លាតយេនឌ័រគួរជាទីមោទនៈ ដោយថយចុះពីចំណាត់ថ្នាក់លេខ ១១២ នៅ ២០១៦ មកចំណាត់ថ្នាក់លេខ ៨៩ នៅឆ្នាំ២០២០ ក្នុងចំណោមប្រទេសចំនួន ១៥៣។ ម្យ៉ាងវិញទៀត កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានស្ត្រីចូលរួម យ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច និងការលើកកម្ពស់សុខភាពស្ត្រី ហើយអត្រាស្រ្តីចូលរួមក្នុងកម្លាំងពលកម្មខ្ពស់ជាងគេរហូតដល់ ៧៩% ម្ចាស់អាជីវកម្ម ៦៥% ជាស្ត្រី ទោះបីអាជីវកម្មភាគច្រើនក្នុងចំណោមអាជីវកម្មទាំងនោះ ជាសហគ្រាសខ្នាតមីក្រូ និងខ្នាតតូចក៏ដោយ ។

សម្ដេចតេជោថ្លែងថា នៅក្នុងវិស័យអប់រំ កម្ពុជាមានសមភាពយេនឌ័រ ក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ហើយគម្លាតយេនឌ័រនៅកម្រិត មធ្យមសិក្សាទុតិយភូមិ និងឧត្ដមសិក្សា ក៏ត្រូវបានកាត់បន្ថយជាបណ្ដើរៗ ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនសិស្សស្រីនៅកម្រិតមធ្យមសិក្សា ទុតិយភូមិមានការកើនឡើង ទាំងបរិមាណនិងគុណភាព។ លទ្ធផលនៃសិស្សស្រី ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងមធ្យមសិក្សា ទុតិយាភូមិមានចំនួនក្នុងរង្វង់ ៥០%។

សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាល បានបង្កើនថវិកាជូនដល់ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចំនួន ៥០០លានរៀលក្នុងមួយឆ្នាំ សម្រាប់ជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ក្នុងការស្វែងរកសេវាយុត្តិធម៌ តាមរយៈការបង្កើតក្រុមមេធាវីសម្ដេចតេជោសែន ប្រចាំនៅរាជធានីខេត្តទាំង២៥ សម្រាប់ជួយស្វែងរកសេវាយុត្តិធម៌ ជូនដល់ជនក្រីក្រស្ត្រី និងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សា បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។ សម្ដេចថា កន្លងមកកម្ពុជាធ្លាប់ជាប្រទេសគំរូ និងទទួលបាននូវការកោតសរសើរ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការពង្រឹងរចនាសម្ព័ន្ធស្ថាប័ន ការកំណត់វិធានការម៉ឺងម៉ាត់ និងការបង្កើតក្រុមការងារ បច្ចេកទេសយេនឌ័រ ។

ជាមួយគ្នានោះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាអនុវត្តនូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១.ត្រូវរួមគ្នាយកចិត្តទុកដាក់ តាមរយៈការផ្តល់អាទិភាព ចំពោះការបង្កើនចំនួនស្ត្រី ដែលមានតួនាទីជាថ្នាក់ដឹកនាំ នៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត។

២.ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្ត ដែលជាប់ទោសឱ្យទាន់ពេលវេលា។ គ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើន ដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។

៣.ក្រសួងអប់រំយុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ឱ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កំរិត ជាពិសេសឪពុកម្តាយអប់រំ កូនចៅអោយមានសីលធម៌ល្អនៅក្នុងសង្គម។

៤.ត្រូវបន្តការវិយោគលើការសិក្សារបស់ក្មេងស្រី នៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីអោយដើរទាន់សម័យបច្ចេកវិទ្យា ជឿនលឿននៃសង្គមជាតិ។

៥.ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរយើងតាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈការ ស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ។

៦.រួមគ្នាទប់ស្កាត់ ការចម្លងមេរោគអេដស៍ថ្មី និងកុំអោយមានការរើសអើងស្ត្រី ផ្សព្វផ្សាយស្រាបៀ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។

៧.ខ្ញុំនៅតែបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងជំងឺកូវីដ១៩ ទោះបីជាប្រទេសកម្ពុជាមិនមានជំងឺនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ ត្រូវតែចូលរួមថែរក្សាសុខភាព ឲ្យបានល្អប្រសើរតាមរយៈ ការធ្វើអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ជម្រើសនៃការភ័យខ្លាចមិនមែន ជាជម្រើសល្អនោះទេផ្ទុយទៅវិញ ការថែរក្សាសុខភាពគឺជា ជម្រើសដ៏ល្អដើម្បីទប់ស្កាត់នៃជំងឺនេះ ៕

ដោយ៖ ខា ដា

To Top