ព័ត៌មានអន្តរជាតិ

IMFបញ្ចេញខ្ទង់ ចំណាយ៥០ ពាន់លានដុល្លារ សម្រាប់ប្រទេស ស្ថិតក្រោមបន្ទាត់ក្រីក្រ ដើម្បីប្រឆាំង និងការពារCOVID-19

វ៉ាស៊ិនតោន ៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា នេះបានឲ្យដឹងថា មូលនិធិរូបិយវត្ថុ អន្តរជាតិ ហៅកាត់ថា IMF បានប្រកាស នឹងបញ្ចេញខ្ទង់ ចំណាយប្រមាណជា៥០ ពាន់លានដុល្លារ អាមេរិក តាមរយៈមធ្យោបាយ ផ្តល់ហិរញ្ញប្បទានបន្ទាន់ របស់ខ្លួន សម្រាប់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប និងប្រទេសកំពុងលេចធ្លោ ដោយសារការរីករាលដាល នៃជំងឺរាតត្បាត COVID-19 ។

ប្រធានគ្រប់គ្រងទូទៅ របស់IMFលោកKristalina Georgieva បាននិយាយថា ពួកយើងបានមើលឃើញយ៉ាងច្បាស់ ហើយថា ការរីករាលដាលឆ្លង គឺពិតជាលឿនខ្លាំងណាស់ ហើយសមាជិក របស់យើងមួយក្នុងចំណោម៣ បានឆ្លងវាដោយផ្ទាល់តែម្តង ដូចនេះមានន័យថា វាគឺមិនត្រូវបានចាត់ទុកថា ជាបញ្ហាតំបន់ទៀតឡើយវា គឺជាបញ្ហាសកល ដែលចាំបាច់យើងត្រូវតែចូលរួម ក្នុងការដោះស្រាយ។

Georgievaបានបន្តទៀតថា បណ្តាប្រទេសក្រីក្រ អាចដាក់ពាក្យសុំប្រើប្រាស់ កញ្ចប់លុយចេញពីចំណែក នៃ១០ពាន់លានដុល្លារ ដោយមិនចាំបាច់បំពេញ ទៅតាមតម្រូវការ ដែលធ្លាប់មាននោះទេ ខណៈដែលកញ្ចប់៤០ពាន់លានដុល្លារទៀត នឹងត្រូវប្រើប្រាស់ទៅលើ បណ្តាប្រទេសទាំងឡាយណា ដែលកំពុងទទួលបានការ វាយប្រហារខ្លាំងពីសំណាក់COVID-19តែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top