បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ទៅលើគោលដៅចំនួនបីរបស់ក្រុមឧទ្ទាម កាទាប ហេសបូឡា និងក្រុមពាក់ព័ន្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានអាកាស Erbil ជាកន្លែងដែលកងកម្លាំងចម្រុះកំពុងឈរជើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ យោធាអ៊ីរ៉ាក់បាននិយាយថា មូលដ្ឋានយោធាដែលទទួល កងកម្លាំងចម្រុះអន្តរជាតិដឹកនាំ ដោយសហរដ្ឋអាមេរិក នៅជិតព្រលានយន្តហោះ Erbil ត្រូវរងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd J. Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះ តាមការណែនាំរបស់ប្រធានាធិបតី Biden, កងកម្លាំងយោធាអាមេរិក បានធ្វើការវាយប្រហារចាំបាច់ និងសមាមាត្រលើទីតាំងចំនួនបី ដែលប្រើប្រាស់ដោយក្រុមឧទ្ទាម កាទាប ហេសបូឡា និងក្រុមពាក់ព័ន្ធនៅក្នុងប្រទេសអ៊ីរ៉ាក់” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាហានអាមេរិកបីនាក់បានរងរបួស ជាលទ្ធផលនៃការវាយប្រហារ កាលពីថ្ងៃចន្ទលើមូលដ្ឋាន Erbil ដោយម្នាក់ក្នុងចំណោមពួកគេ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយនៅលើបណ្តាញសង្គម X ថា ការវាយប្រហារតាមអាកាសទាំងនេះ បានទៅដល់គោលដៅរបស់ក្រុមឧទ្ទាម និងបានបំផ្លាញកន្លែងប្រើប្រាស់ ដោយពួកសកម្មប្រយុទ្ធ កាទាប ហេសបូឡា និងក្រុមពាក់ព័ន្ធថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
