ព័ត៌មានអន្តរជាតិ

Updated៖ ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់​ហ្គាហ្សា កើនឡើងដល់​ ២១,០០០នាក់​

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ២១,០០០ នាក់ត្រូវបានសម្លាប់ និង ៥៤,៩១៨ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។

អ្នកនាំពាក្យរបស់ក្រសួងលោក Ashraf Al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីន ២៤១ នាក់បានស្លាប់ និង ៣៨២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រតិបត្តិការផ្លូវអាកាស និងដីចំនួន ១៨ ដែលបានចាប់ផ្តើមដោយកងកម្លាំងអ៊ីស្រាអែល នៅទូទាំងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

លោក Al-Qedra បានអំពាវនាវដល់អង្គការអន្តរជាតិឱ្យជួយការពារមន្ទីរពេទ្យ និងបុគ្គលិកពេទ្យនៅតំបន់ហ្គាហ្សា ក៏ដូចជាអ្នករបួស អ្នកឈឺ និងអ្នកផ្លាស់ទីលំនៅនៅទីនោះ។

លោកក៏បានជំរុញសហគមន៍អន្តរជាតិឱ្យ “បង្កើនជាបន្ទាន់ ដើម្បីធានាការផ្តល់ថ្នាំ និងប្រេងឥន្ធនៈដែលត្រូវការជាបន្ទាន់ សម្រាប់អ្នករបួស និងឈឺរាប់ពាន់នាក់នៅហ្គាហ្សា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍សំខាន់របស់តំបន់ហ្គាហ្សា Paltel បានប្រកាសតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ដែលជាការដាច់ទាំងស្រុង រួមទាំងសេវាអ៊ីនធឺណិត និងទូរស័ព្ទទាំងអស់ ដោយសារការវាយប្រហារបន្តរបស់អ៊ីស្រាអែល។

ក្រុមហ៊ុនបានបន្ថែមថា ក្រុមបច្ចេកទេសរបស់ខ្លួនកំពុងធ្វើការ ដើម្បីស្តារសេវាកម្មឡើងវិញ ទោះបីជាមានស្ថានភាពគ្រោះថ្នាក់នៅលើដីក៏ដោយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top