ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង កោះហៅសមាជិកបក្សចូលកិច្ចប្រជុំបន្ទាន់

រូបភាពពី៖​ AFP

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានកោះប្រជុំដ៏សំខាន់មួយនៃគណបក្សកាន់អំណាចរបស់ខ្លួនដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយរបស់រដ្ឋនៅក្នុងឆ្នាំនេះ និងរៀបចំសម្រាប់ឆ្នាំខាងមុខ ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍មកថា កិច្ចប្រជុំពេញអង្គលើកទី៩នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ហៅកាត់ (WPK) លើកទី៨បានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុងព្យុងយ៉ាង ដោយមានអគ្គលេខាធិការ WPK លោក គីម ជុងអ៊ុន ចូលរួមជាអធិបតី ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា កាលពីថ្ងៃអង្គារ លោក គីម បានធ្វើជាអធិបតីភាពក្នុងសម័យប្រជុំពេញអង្គ និងរាយការណ៍អំពីការអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋនៅក្នុងឆ្នាំ២០២៣ ។

ទីភ្នាក់ងារដដែលនេះបានរាយការណ៍មកថា ដោយហៅឆ្នាំនេះថា ជាឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ ហើយលោក គីម បានថ្លែងអំពីសមិទ្ធិផលសំខាន់ៗក្នុងការកសាងសង្គមនិយម និងការពង្រឹងអំណាចជាតិ ។

លោកក៏បានថ្លែងអំពីស្ថានភាពសេដ្ឋកិច្ចជាតិ និងការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ អប់រំ សុខភាពសាធារណៈ និងកីឡាក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top