គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបង្កើនការផលិតអាវុធ និងឧបករណ៍យោធាចំនួន ៣ដងនៅឆ្នាំ ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តី ដោយសេវាសារព័ត៌មាន ប្រធានាធិបតីដោយថា ទិន្នផលគ្រាប់កាំភ្លើងធំ និងយន្តហោះដ្រូន ក៏ដូចជាការផលិតកាំជ្រួច ក៏បានកើនឡើងផងដែរនៅឆ្នាំនេះ ប៉ុន្ដែលោកមិនបានផ្តល់តួលេខពិតប្រាកដនោះទេ។
លោក ហ្សេឡិនស្គី បានបន្ថែមថា នៅឆ្នាំក្រោយ អ៊ុយក្រែន នឹងផ្តោតលើការផលិតគ្រឿងផ្ទុះ និងគ្រាប់កាំភ្លើង ដើម្បីពង្រឹងជំហររបស់ខ្លួន ក្នុងជម្លោះជាមួយរុស្ស៊ី។ បើតាមលោកប្រធានាធិបតី បច្ចុប្បន្នមានមនុស្សប្រមាណ ៣០ម៉ឺននាក់កំពុងបម្រើការងារក្នុងឧស្សាហកម្មការពារជាតិអ៊ុយក្រែន។
អ៊ុយក្រែនកំពុងខិតខំជំរុញផលិតកម្មការពារខ្លួនចំពេលមានជម្លោះជាមួយរុស្ស៊ី។ អ៊ុយក្រែន គ្រោងនឹងចំណាយ ១,៦៩ ពាន់ពាន់លាន hryvnias (ប្រហែល ៤៥ ពាន់លានដុល្លារអាមេរិក) ឬ ២១,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនលើការការពារជាតិរបស់របស់ខ្លួននៅឆ្នាំ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា