បរទេស៖ យោងតាមក្រសួង សុខាភិបាលអ៊ីរ៉ង់ បានអោយដឹងថា ចំនួនអ្នកឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរ ឬ កូវីដ១៩ នៅអ៊ីរ៉ង់បានកើនឡើងពី ២.៩២២ ដល់ ៣.៥១៣ នាក់ ដោយចំនួនអ្នកស្លាប់មានដល់ទៅ ១០៧ នាក់ យ៉ាងណាក៏ដោយ ក៏មានមនុស្ស ៥៥២ នាក់បានរកឃើញថា ជាសះស្បើយវិញផងដែរ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីសុខាភិបាលអ៊ីរ៉ង់លោក Saeed Namaki ថាអាជ្ញាធរបានសំរេចចិត្តបិទ សាលារៀននិងសាកលវិទ្យាល័យនានា ក្នុងប្រទេសរហូតដល់ដំណាច់ឆ្នាំប្រតិទិន អ៊ីរ៉ង់ គឺនៅថ្ងៃទី ២០ ខែមីនា ដោយសារការឆ្លងវីរុសនេះ។
លោកបានបន្តថា អ៊ីរ៉ង់នឹងចាប់ផ្តើមធ្វើប៉ុស្តិ៍ ត្រួតពិនិត្យ ដើម្បីកំណត់ការធ្វើដំណើររវាងទីក្រុងធំ ៗ ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បាននិយាយថា វីរុសកូវីដ១៩ បានប៉ះពាល់ស្ទើរតែគ្រប់តំបន់ទាំងអស់ នៅក្នុងប្រទេស។ កាលពីសប្តាហ៍មុន សភារបស់ប្រទេសនេះ បានសំរេចចិត្តផ្អាកការងាររហូតដល់មានការ ជូនដំណឹងបន្ថែមទៀតដោយសារ តែការផ្ទុះឡើងនៃជំងឺនេះ។
សូមជម្រាបថា ប្រទេសអ៊ីរ៉ង់ស្ថិតក្នុងចំណោមប្រទេសមួយ ដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយសារការផ្ទុះឡើង នៃជំងឺរលាកសួតធ្ងន់ធ្ងរ ឬកូវីដ១៩៕
ប្រែសម្រួលៈ ណៃ តុលា