ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាល ជាមួយមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ប្រាប់ អំពីយុទ្ធសាស្ត្រអាទិភាព ចំនួន៤ចំណុច របស់ក្រសួង។
យុទ្ធសាស្ត្រអាទិភាព ទាំង៤រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌ នៃការរស់នៅ របស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។
បន្ថែមលើសពីនេះ លោករដ្ឋមន្រ្ដី បានបន្តលើកឡើងថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីសម្រេចឲ្យបានចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេស មានប្រាក់ចំណូលកម្រិតខ្ពស់។ ដើម្បីចូលរួមចំណែក ដល់ការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលនោះ ក្រសួងបាននិងកំពុងខិតខំ បំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាន នូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៣ ដូចខាងក្រោម៖ ត្រូវបន្ដថែរក្សា សមិទ្ធផលនិងស្នាដៃ ដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀត ដើម្បីចូលរួមសម្រេចឲ្យបាន ចក្ខុវិស័យកម្ពុជា ធ្វើឲ្យប្រជាជនមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងនាមមន្ដ្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមន្រ្ដីបម្រើប្រជាពលរដ្ឋ ដើម្បីប្រែក្លាយ កម្ពុជាជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន រុងរឿង។
មន្ទីរត្រូវខិតខំបំពេញតួនាទី ជាសេនាធិការឲ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អជាមួយ មន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
មន្ទីរត្រូវបង្កើន ការផ្សព្វផ្សាយ និងបង្កើតឲ្យមានក្រុមអ្នកនាំពាក្យ របស់មន្ទីរដើម្បីទំនាក់ទំនង និងផ្ដល់ព័ត៌មានពីគ្នាទៅវិញទៅមក ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលក៏ដូចជាសមិទ្ធផល របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពីដើមអាណត្តិឲ្យបានកាន់តែទូលំទូលាយ ដល់ស្រទាប់មហាជនតាមរយៈបណ្ដាញសង្គម ។
ថ្នាក់ដឹកនាំមន្ទីរត្រូវយកចិត្តទុកដាក់ លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម៕