បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យទីបញ្ជាការកងទ័ព អាកាសអ៊ុយក្រែន លោក Yury Ignat បានប្រាប់ឱ្យដឹងថា កងកម្លាំងរបស់ទីក្រុងគៀវ មិនអាចបាញ់ទម្លាក់មីស៊ីល ធ្វើដំណើរលឿន ជាងសំឡេងប្រភេទ Kh-22 ឬ Kh-32របស់រុស្សីបានទេ ។
គិតមកត្រឹមពេលនេះ មីស៊ីលទំនើបប្រភេទនេះ ត្រូវបានរុស្សីប្រើប្រាស់ និងបាញ់ប្រហារ មកលើប្រទេសអ៊ុយក្រែន ចំនួនប្រហែលជា៣០០ដង រួចមកហើយហើយរយៈពេល២ថ្ងៃ ចុងក្រោយនេះរុស្សី បានធ្វើការវាយប្រហារ សាជាថ្មីដោយមីស៊ីលដដែលនេះ នៅតាមទីតាំងគោលដៅ ជាច្រើនក្នុងប្រទេស ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារជាក្រុមចំនួន៥០ ក៏ដូចជាការវាយប្រហារ ដ៏ធំមួយដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្ស បើកក្នុងសប្តាហ៍នេះ ដោយផ្តោតគោលដៅលើទីតាំងឧស្សាហកម្មការពារ ក៏ដូចជាអាកាសយានដ្ឋាន និងឃ្លាំងយោធា។
មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា ការបាញ់បង្ហោះដាច់ដោយឡែកចំនួន១៥៨ត្រូវបានគេរកឃើញនៅល្ងាចថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ដោយក្នុងនោះគេបានអះអាងថា យន្តហោះគ្មានមនុស្សបើកចំនួន ២៧គ្រឿង និងមីស៊ីលចំនួន ៨៧ ដើម ត្រូវបានស្ទាក់ចាប់ក្នុងអំឡុងពេលវាយប្រហារ៕
ប្រែសម្រួល៖ស៊ុនលី