ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ទឹកស្អាត គឺជាប្រភព នៃសុខុមាលភាព និងសេចក្តីត្រូវការ ជាចាំបាច់របស់ពលរដ្ឋ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់ របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ខណៈរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសទៅលើទឹកស្អាត ។

សម្តេចធិបតីថា “ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដោយនៅក្នុង បញ្ចកោណទី២ មានកិច្ចការអាទិភាព ចំនួន ៥ ហើយការលើក កម្ពស់ ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពវិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានគោលដៅផ្តោត លើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើន ផលិតភាព តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ”។

ការលើកឡើងរបស់សម្តេចធិបតីនេះ បន្ទាប់ពីសមិទ្ធផលថ្មីសន្លាងមួយ ក្នុងទឹកដី ខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ គឺរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។ រោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ បង្កើតឡើងដើម្បីដោះស្រាយកំណើន នៃតម្រូវការទឹកស្អាត និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត នៅក្នុងខេត្តពោធិ៍សាត់ ក្រោមគម្រោងជំនួយ ឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។

សូមរំលឹកថា រោងចក្រនេះ មានសមត្ថភាព ផលិតបានចំនួន ៦ ៦០០ម៉ែត្រគូបក្នុង១ថ្ងៃ និងអាចជំរុញសមត្ថភាព ផលិតទឹកស្អាត របស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣ ៨៦០ម៉ែត្រគូប១ថ្ងៃ។ ការណ៍នេះ នឹងបន្តពង្រឹងការចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដល់ប្រជាពលរដ្ឋជាង ១៥ ០០០គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះ នៃស្រុកបាកាន និងស្រុកកណ្តៀង ៕

To Top