ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដល់អនុសាសន៍៩ចំណុច ដើម្បីរៀបចំ “ចលនាភូមិគំរូ” ឲ្យទទួលបានជោគជ័យ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទ នៃប្រទេសកម្ពុជា។

យោងតាមការធ្វើបទបង្ហាញរបស់លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា នៅបរិបទកម្ពុជា ភូមិគំរូគឺជា “សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិមានការចូលរួម សកម្មភាពអភិវឌ្ឍន៍ ក្នុងភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួម របស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឲ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន ៦ចំណុច រួមមាន៖ អភិបាលកិច្ចល្អ, ការអប់រំ និងធនធានមនុស្ស,សុខភាព និងបរិស្ថានរស់នៅ, ជីវភាពរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, និងបច្ចេកវិទ្យា។

លោករដ្ឋមន្ដ្រី បានផ្តល់វេទិកាជូន អង្គប្រជុំដើម្បីពិភាក្សាយ៉ាងផុសផុល ក្នុងការជាផ្ដល់ធាតុចូល បន្ថែមទៅលើសេចក្ដីព្រាងដែលបានរៀបចំ។ ជាពិសេស លោករដ្ឋមន្ត្រី បានឯកភាពលើការគិតគូរអំពីការលើកកម្ពស់ ការអប់រំ និងផ្ដល់អាទិភាពទៅលើស្ត្រីឲ្យចូលរួមនៅក្នុងការដាក់បញ្ចូល ទៅក្នុងលក្ខណៈវិនិច្ឆ័យ នៃការកំណត់ភូមិគំរូ។

ដើម្បីចូលរួមចំណែក អនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលលើការរៀបចំ “ចលនាភូមិគំរូ” ទទួលបានជោគជ័យ លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖


១/ នាយកដ្ឋានជំនាញទាំង ៤ នៃកម្មវិធីទី៣ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ភូមិគំរូ ដោយរួមបញ្ចូលនូវវឌ្ឍនភាពភូមិគំរូ ការរៀបចំបញ្ជីភូមិគំរូ និងការរៀបចំផែនទីភូមិគំរូនៅទូទាំងប្រទេស
២/ ផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក ត្រូវបែងចែកភូមិអភិវឌ្ឍន៍ជា ៣ កម្រិត (១) ភូមិជោគជ័យខ្លាំង (២) ភូមិជោគជ័យមធ្យម និង (៣) ភូមិជោគជ័យតិចតួច
៣/ ត្រូវរៀបចំភូមិគំរូ ឲ្យមានលក្ខណៈ ៤ យ៉ាង (១) ភូមិគំរូដែលអាចដំណើរអភិវឌ្ឍន៍ដោយខ្លួនឯង (២) ភូមិគំរូអភិវឌ្ឍន៍ ដោយមានចីរភាព និង (៣) ភូមិគំរូដែលអាចរីកចម្រើន ជាលំដាប់ និង (៤)ភូមិគំរូដែលអាចយកជាគំរូសម្រាប់អនុវត្តបន្ត
៤/ ត្រូវជ្រើសរើសភូមិគំរូថ្មីបន្ថែមទៀត ដោយពិនិត្យលើស្ថានភាព ភូមិសាស្ដ្រតាមខេត្ត និងតាមតំបន់ ដែលនៅជិតទីផ្សារ សម្រាប់កសិផល ជាពិសេសប្រជាពលរដ្ឋមានឆន្ទៈចូលរួមក្នុងការអភិវឌ្ឍ
៥/ រៀបចំគម្រោង ឬផែនការប្លង់មេ នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងត្រូវរៀបចំសៀវភៅបន្ទុកសម្រាប់អនុវត្ត
៦/ បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍភូមិគំរូ និងត្រូវបង្កើនការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៧/ ជំរុញតាមដានត្រួតពិនិត្យ និងវាយតម្លៃពីប្រសិទ្ធភាពនៃការអភិវឌ្ឍ
៨/ រៀបចំសិក្ខាសិលាពិគ្រោះយោបល់ស្ដីពី ការរៀបចំភូមិគំរូ ជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ
៩/ រៀបចំដាក់បញ្ចូល ការរៀបចំភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ -២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

To Top