បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Hassan Nasrallah ដែលជាប្រធានកងជីវពលហេបូឡាឬ Hezbollah បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ក្រុមរបស់គាត់មិនខ្លាចការ ប្រឈមមុខដាក់គ្នាជាមួយ អ៊ីស្រាអែលនោះទេ។
ប្រភពដដែលបានសសេរទៀតថា ការវាយប្រហារណាមួយលើ ប្រទេសលីបង់នឹងត្រូវបានឆ្លើយតប ជាមួយនឹងការឆ្លើយតបដ៏លើសលប់ នេះបើយោងតាមការលើកឡើងបន្ថែម របស់មេដឹកនាំក្រុមប្រយុទ្ធនេះ។ ការអត្ថាធិប្បាយរបស់លោកបានកើតឡើង បន្ទាប់ពីការធ្វើឃាតមន្ត្រីជាន់ខ្ពស់បំផុតទី២ របស់ក្រុមហាម៉ាសលោក Saleh al-Arouri នៅក្រុងបេរូតប្រទេសលីបង់។
គួរឲ្យដឹងដែរថា ក្រុមហេសបូឡាហ៍បានពណ៌នាការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់លោក al-Arouri ថាជា ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ លើប្រទេសលីបង់ហើយបានប្តេជ្ញាចិត្តសងសឹង និងទាមទារឲ្យមានការដាក់ ទណ្ឌកម្មលើអ៊ីស្រាអែលទោះ អ៊ីស្រាអែលមិនបានទទួលខុសត្រូវ ជាផ្លូវការចំពោះការវាយប្រហារនេះក្តី។
នៅក្នុងសុន្ទរកថារបស់គាត់លោក Nasrallah បានធ្វើការប្រកាសដ៏ខ្លីប៉ុណ្ណោះអំពីផែនការសងសឹក ប៉ុន្តែបាននិយាយថា ការសម្លាប់លោក al-Arouri គឺជាទង្វើដ៏គ្រោះថ្នាក់ដែល នឹងត្រូវសងសឹកជាដាច់ខាត។
លោកថ្លែងបែបនេះថា៖ ប្រសិនបើសត្រូវគិតអំពីការ ធ្វើសង្គ្រាមជាមួយលីបង់នោះ ការប្រយុទ្ធរបស់យើងនឹងគ្មានព្រំដែន គ្មានការកំណត់ គ្មានច្បាប់ឡើយហើយយើងមិនខ្លាចសង្គ្រាមទេ យើងមិនខ្លាចវាទេ យើងមិនស្ទាក់ស្ទើរដាច់ខាត៕
ប្រែសម្រួល៖ ស៊ុន លី