ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹង កិច្ចសហការ លើការបណ្តុះបណ្តាល វិជ្ជាជីវៈ ឱ្យកាន់តែមាន លទ្ធផលផ្លែផ្កា

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឯកភាព លើការពង្រឹង កិច្ចសហការបណ្តុះបណ្តាល វិជ្ជាជីវៈតាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាព នៃការផ្លាស់ប្តូរសិក្ខាកាម បច្ចេកទេស នៃប្រទេសទាំងពីរ។ នេះ គឺជាការគូសបញ្ជាក់ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងលោក Santo Darmosumarto ក្នុងជំនួបនៅ ទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា នេះ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីការពិនិត្យ លទ្ធភាពផ្តល់អាហាររូបករណ៍ ដល់ពលរដ្ឋកម្ពុជា លើជំនាញបច្ចេកទេសវិជ្ជាជីវៈដែលឥណ្ឌូនេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមផ្នែកបច្ចេកទេសវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។
សម្រាប់ថ្នាក់ដឹកនាំទាំងពីរ កិច្ចការនេះ នឹងក្លាយជាចលករ សំខាន់សម្រាប់ជួយជ្រោមជ្រែង ទំនាក់រវាងប្រជាជននិងប្រជាជន និងប្រទេសជាតិទាំងពីរ ឱ្យកាន់តែស្អិតរមួតផងដែរ ។

បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យក្នុង នាមប្រទេសបញ្ជូនពលករច្រើន ទៅកាន់ពិភពលោកដូចគ្នា។ ក្នុងនោះលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលទាំងមូល ដែលបានមើលថែពលរដ្ឋខ្លួនដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានការរើសអើង ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា ក្រសួងការងារក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅតំបន់អាស៊ាន ចាត់ទុក​ការផ្តល់ការគោរព សិទ្ធិដល់ពលរដ្ឋទូទៅ និងជនបរទេស ជាកាតព្វកិច្ចដែលកម្ពុជា ត្រូវធ្វើឱ្យល្អបំផុតជាពិសេស ក្នុងអាណត្តិទី៧នេះ ដែលក្រសួងបានយកចិត្តទុកដាក់ ជាអាទិភាពមិនថាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬពលរដ្ឋកម្ពុជា ដែលចេញទៅបម្រើការ នៅបរទេសនោះទេ ៕

To Top