បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយថា ខ្លួនកំពុងផ្អាកជាបណ្តោះអាសន្ននូវយន្តហោះ Boeing 737 Max-9 របស់ខ្លួន បន្ទាប់ពីមួយក្នុងចំណោមពួកគេបានបាត់បង់បង្អួច និងផ្នែកនៃតួយន្តហោះនៅកណ្តាលអាកាសកាលពីថ្ងៃសុក្រ ដោយបង្ខំឱ្យចុះចតជាបន្ទាន់នៅក្នុងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះដែលដឹកអ្នកដំណើរ ១៧៤ នាក់ និងនាវិក៦នាក់បានចុះចតដោយសុវត្ថិភាពបន្ទាប់ពីវាបានត្រលប់ទៅ Portland វិញ៣៥នាទីក្នុងជើងហោះហើរដែលបានគ្រោងទុកទៅកាន់រដ្ឋកាលីហ្វ័រញ៉ា។
យោងតាមទិន្នន័យតាមដានការហោះហើរបានបង្ហាញថា យន្តហោះបានឡើងដល់កម្ពស់ ១៦០០០ហ្វីត្រឬប្រមាណជា៤៨៧៦ម៉ែត្រមុនពេលវាចាប់ផ្តើមចុះចតបន្ទាន់។
Max-9 គឺជាយន្តហោះចុងក្រោយបង្អស់របស់ Boeing ស៊េរី 737 ដែលមានម៉ាស៊ីនភ្លោះ ហើយយន្តហោះដែលបានចូលបម្រើការក្នុងខែឧសភា ឆ្នាំ ២០១៧ នេះត្រូវបានប្រើជាញឹកញាប់បំផុតក្នុងការហោះហើរក្នុងស្រុករបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី