ព័ត៌មានអន្តរជាតិ

យូអិន៖ សង្គ្រាមនៅហ្គាហ្សា ត្រូវតែបញ្ចប់ឲ្យបាន

AFP

បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អន្តរជាតិត្រូវតែប្រើ ឥទ្ធិពលទាំងអស់របស់ខ្លួន ដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា។

លោកបានបន្ថែមថា អរិភាពរយៈពេល ៩០ថ្ងៃមកនេះបានធ្វើឱ្យតំបន់ប៉ាឡេស្ទីនក្លាយជាតំបន់ដែល មិនអាចរស់នៅបានហើយប្រជាជននៅតំបន់ហ្គាហ្សាប្រឈមមុខនឹងការគំរាមកំហែងប្រចាំថ្ងៃចំពោះអាយុជីវិតរបស់ពួកគេ។

មន្ត្រីអង្គការសហប្រជាជាតិបានរំលឹកថា ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ឬរងរបួស ខណៈដែលតំបន់ដែលពួកគេត្រូវបានគេប្រាប់ឱ្យផ្លាស់ទីទៅដើម្បីសុវត្ថិភាព ហើយបន្តរស់នៅក្រោមការទម្លាក់គ្រាប់បែក ទោះជាយ៉ាងណាក្តីដោយសង្កត់ធ្ងន់ថាអ្វីៗទាំងអស់នេះកើតឡើង ខណៈពេលដែលពិភពលោកកំពុងឃ្លាំមើល។

រំលឹកឡើងវិញដែរថាជម្លោះនៅតំបន់ហ្គាហ្សាបានកើនឡើងកាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបានវាយប្រហារអ៊ីស្រាអែលដោយបានសម្លាប់មនុស្ស១២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន២៤០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។


ហើយជាការឆ្លើយតប អ៊ីស្រាអែលបានប្រកាសសង្រ្គាម និងបើកការវាយលុកតាមផ្លូវអាកាស និងដីនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់អ្នកស្រុកជាង២២៧០០នាក់នៃតំបន់ជុំវិញ និងរបួសជាង៥៨០០០នាក់ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន៕

ប្រែសម្រួល៖ស៊ុនលី

To Top