កោះកុង ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនប្រជាពលរដ្ឋ ជាបន្ដបន្ទាប់។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃ៨ មករា សម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រស់នៅខេត្តកោះកុង បានជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
សម្ដេចធិបតីបន្ដថា ភារកិច្ចរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ប្រៀបដូចសិស្សប្រឡងដែរ។ ទន្ទឹមនឹងប្រឡងជាប់ហើយ មិនបោះបង់ការសិក្សាឡើយ ត្រូវតែកាន់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបានប្រឡងជាប់ជាបន្ដទៀត ដោយលោកគ្រូ-អ្នកគ្រូ ដាក់ពន្ទុឲ្យ។ ចំពោះរាជរដ្ឋាភិបាលវិញ លោកគ្រូ-អ្នកគ្រូ គឺប្រជាពលរដ្ឋ ហើយប្ដេជ្ញាបម្រើប្រជាពលរដ្ឋបន្ដទៀត។
សម្ដេចធិបតីមានប្រសាសន៍ថា «យើងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានបាន មានទុកចិត្ត មានភាពកក់ក្ដៅ ទើបយើងបានរីកចម្រើន។ ចឹងជាមួយនឹងការអរគុណដល់បងប្អូន ដែលបានបោះឆ្នោតគាំទ្រ ផ្ដល់ការទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា ដែលឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល អនុវត្តគោលនយោបាយ មានតែការប្ដេជ្ញាចិត្ត បម្រើបងប្អូនឲ្យកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនបងប្អូនតទៅទៀត»៕