ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នករិះគន់ថា បើមិនសប្បាយចិត្ត កុំឈប់សម្រាកថ្ងៃទិវាសន្តិភាព ២៩ ធ្នូ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រតិកម្មទៅអ្នករិះគន់ការកំណត់យកថ្ងៃ២៩ ធ្នូ ជាទិវាសន្តិភាព ថា បើមិនសប្បាយចិត្ត មិនចាំបាច់ឈប់សម្រាក ក្នុងថ្ងៃទិវាសន្តិភាពនេះទេ ។

ការឆ្លើយតប និងប្រតិកម្ម ទៅអ្នករិះគន់ របស់សម្ដេចធិបតី ធ្វើឡើងបន្ទាប់ពីមានអ្នកខ្លះមិន សប្បាយចិត្ត ដែលរាជរដ្ឋាភិបាល កំណត់យកថ្ងៃ២៩ ធ្នូ ជាទិវាសន្តិភាព ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ឈប់សម្រាក ។ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិមួយនៅកម្ពុជា​ ហើយក៏បានអនុញ្ញាត ឲ្យឈប់សម្រាកផងដែរ ។

នាឱកាសអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» នៅថ្ងៃ៨ មករា សម្ដេចធិបតីមានប្រសាសន៍ថា មានអ្នកខ្លះចេញមករិះគន់ ថាដាក់ថ្ងៃទិវាសន្តិភាព ជាថ្ងៃបុណ្យជាតិ សម្រាប់ឈប់សម្រាក គឺដើម្បីតែត្រកូលហ៊ុន ។

សម្តេចធិបតីបន្តថា ទិវាសន្តិភាព មិនមែនផ្តាច់មុខត្រកូលហ៊ុននោះទេ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រឡាញ់សន្តិភាព និងស្អប់សង្គ្រាម ហើយក្នុងនោះក៏មានត្រកូលហ៊ុនមួយដែរ ។ សម្ដេចថា ទិវាសន្តិភាព នៅកម្ពុជានេះ គឺជាផលសម្រាប់ខ្មែរទាំងអស់គ្នា នាពេលបច្ចុប្បន្ន និងទៅអនាគត ។

សម្ដេចប្រមុខរាជរដ្ឋាភិបាល អះអាងថា «គ្រាន់តែយកថ្ងៃហ្នឹង (២៩ធ្នូ) ជាថ្ងៃអបអរសាទរដែលបងប្អូនថា ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្រយើង ទោះបីយើងកើតមិនទាន់ ក៏ដោយ ប៉ុន្តែកូនចៅយើងមិនទាន់កើត តែពេលថ្ងៃមុខគេ គួរតែចងចាំថ្ងៃប្រវត្តិសាស្ត្រខ្មែរ ហើយយ៉ាងហោចណាស់អាចអបអរសាទរ ដល់ថ្ងៃហ្នឹង ក៏បានរំលឹកថាតើថ្ងៃនេះ ឆ្នាំ១៩៩៨ មុនដល់នោះ តើប្រជាពលរដ្ឋយើងប៉ុន្មាននាក់ ដែលលះបង់ដើម្បីបានសន្តិភាព ដែលបញ្ចប់សង្គ្រាម ៥០០ឆ្នាំ ។ ចឹងជាទិវាដែលយើងទាំងអស់គ្នាត្រូវរង់ចាំ ហើយការឈប់នេះជាការរំលឹក និងអរអបសាទរទាំងអស់គ្នា នេះជាការចាំបាច់ ហើយបើអ្នកណាមិនសប្បាយចិត្តរឿងដាក់ថ្ងៃហ្នឹង មិនបាច់ឈប់ទេ ។ ថ្ងៃសម្រាកបើថាមិនសប្បាយចិត្តមិនបាច់ឈប់ទេ ។ ម្សិលមិញសម្ដេចតេជោលោកថា អ្នកមិនសប្បាយចិត្តថ្ងៃហ្នឹង នាំគ្នាទៅមើលចំការ មីនទៅ និងសំណល់ពីសង្គ្រាម ដែលគ្មានសន្តិភាព» ។

សម្តេចក៏ចោទសួរថា គ្រាន់តែយកថ្ងៃទិវាសន្តិភាព ដែលប្រវត្តិសាស្រ្ត៥០០ឆ្នាំទើបតែមាន នៅក្នុងយុគសម័យសម្តេចតេជោ សម្រាប់ជាថ្ងៃឈប់សម្រាកតើមានទៅខុសអី្វ? សម្ដេចថា ប្រទេសមួយ ប្រជាពលរដ្ឋមួយ ត្រូវការឯករាជ្យ អធិបតេយ្យ ត្រូវការរស់រានមានជីវិតដោយសិទ្ធិសេរីភាព ត្រូវការការរស់នៅដោយសុខសន្តិភាព និងការអភិវឌ្ឍ ។

សម្ដេចគូសបញ្ជាក់ថា មិនខុសអ្វីទេ ដែលទាំងអស់ ត្រូវចងចាំទិវាសន្តិភាព ដើម្បីកុំឲ្យបាត់សន្តិភាពទៅវិញ រាប់ពាន់ឆ្នាំតទៅមុខទៀត ។ សម្ដេចថា ថ្ងៃឯករាជ្យ ថ្ងៃជ័យជម្នះ៧មករា និងថ្ងៃបញ្ចប់សង្គ្រាម គឺផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនទាំងអស់គ្នា ។

សម្ដេចលើកឡើងថា ការកំណត់យកថ្ងៃ ២៩ធ្នូ ជាទិវាសន្តិភាពនេះ ជាប្រធានបទដែលប្រជាជាតិខ្មែរទទួលបានផល រួមទាំងអ្នករិះគន់នោះ មានអ្វីដែលត្រូវជំទាស់ជាមួយផលប្រយោជន៍សម្រាប់ជាតិ ។

សម្ដេចធិបតី ថ្លែងថា មានបុគ្គលម្នាក់ដែលសម្តេចហៅថា មានម្សៀរកំពុងនៅក្រៅប្រទេសបាននិយាយថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃវៀតណាមចូលឈ្លានពាន និងជាថ្ងៃចងកំហឹងនៅកម្ពុជា ។ ជុំវិញបញ្ហានេះសម្ដេចបានចោទជា សំណួរទៅម្សៀរក្រៅប្រទេសតែ២សំណួរ៖ ទី១.ចន្លោះពីថ្ងៃទី១៧ មេសា ឆ្នាំ៧៥ រហូតដល់ថ្ងៃ៧ មករា ឆ្នាំ៧៩ តើខ្មែរបានសម្លាប់មនុស្ស នៅកម្ពុជាឬអត់? ទី២.តើការដេញខ្មែរ ក្រហមចេញ នៅដើមឆ្នាំ៧៩នេះ បានឲ្យខ្មែរក្រហម អស់លទ្ធភាពសម្លាប់មនុស្សឬនៅ? ។

សម្ដេចធិបតីថ្លែងថា ការរំដោះឆ្នាំ១៩៧៩នេះ គឺ ស្មើនឹងការសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរ ហើយនេះជាការពិត មិនអាចប្រកែកបាន ។ សម្ដេចថា ចង់អ្នកឯងប្រើពាក្យអ្វីពាក្យទៅ ប៉ុន្តែត្រូវទទួលស្គាល់ការពិត អត់មានអ្វីពិបាកយល់ទេ ។

សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបាន សន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ជាគោលនយោបាយ ដ៏ធំមួយក្នុងការដឹកនាំកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេច ឡើងនៃវត្តមានរបស់នយោបាយ ឈ្នះ-ឈ្នះ ៕

To Top