ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ណែនាំពីការពង្រឹង ប្រតិបត្តិវិជ្ជាជីវៈ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ដ

ភ្នំពេញ ៖ ដើម្បីចូលរួមពង្រឹងគុណភាព សេវាកម្មឲ្យបានល្អប្រសើរ ប្រកបដោយភាពទុកចិត្ត និងកក់ក្តៅសម្រាប់ទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍ បានណែនាំដល់លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែ ភាសាបន្តទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៨ មករា បានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងស្ថិតក្នុងដំណាក់កាល ងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ ខណៈដែល អាជីវកម្មទេសចរណ៍បានបន្តបើកឡើងវិញ ស្ទើរតែទាំងស្រុងក្នុងកម្រិតប្រហាក់ប្រហែល នឹងស្ថានភាពកាលពី ឆ្នាំ២០១៩ ដោយមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើន បានវិលត្រលប់មកបម្រើសេវាកម្មជាថ្មីឡើងវិញ ។

ក្រសួងគូសបញ្ជាក់ថា «លោក-លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកន្លងមក» ។

ក្រសួងថា ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់អត្តលេខ និងពាក់អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ត្រឹមត្រូវ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន, ត្រូវប្រតិបត្តិត្រឹមត្រូវតាមវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដោយមិនដើរតួនាទីជាការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍។

ក្រសួងបន្ថែមថា ជាពិសេសត្រូវការពារប្រយោជន៍ជាតិ និងប្រយោជន៍ទេសចរ និងចូលរួមចំណែកនៅក្នុងការថែរក្សានិងគ្រប់គ្រង ធនធានធម្មជាតិ លម្អបៃតង ការពារនិងអភិរក្ស មរតកវប្បធម៌ ការពារសម្បត្តិវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាល់សកម្មភាពទេសចរណ៍ របស់ខ្លួន៕

To Top