ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងតួកគី ព្រមព្រៀងគ្នាចំពោះ បទឈប់បាញ់គ្នានៅតំបន់ Idlib ប្រទេសស៊ីរី

បរទេស៖ ប្រទេសតួកគីនិងប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា ចំពោះបទឈប់បាញ់គ្នាមួយ ក្នុងខេត្ត Idlib ស្ថិតនៅក្នុងប្រទេសស៊ីរីភាគពាយព្យ ដោយគិតចាប់ផ្តើម ពីពាក់កណ្ដាលយប់តទៅ។

ប្រទេសទាំងពីរ បានឈានដល់ការព្រមព្រៀងគ្នា នៅក្នុងអំឡុងជំនួបកំពូលនាថ្ងៃព្រហស្បតិ៍ រវាងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ក្រោយមានការប្រយុទ្ធគ្នានៅតំបន់ Idlib ដែលជាទីតាំងឈរជើង ចុងក្រោយរបស់ពួកឧទ្ទាម ដែលប្រឆាំងលោកប្រធានាធិបតីស៊ីរី បាហ្សា អាល់អាសាដ បានកើនឡើងខ្លាំងនៅដើមខែនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ បាននិយាយប្រាប់ថា បទឈប់បាញ់គ្នា ដែលបញ្ឈប់រាល់ទង្វើប្រកបដោយ ភាពជាសត្រូវទាំងអស់ នៅតាមខ្សែបន្ទាត់ទំនាក់ទំនងដែលមានស្រាប់ ក្នុងប្រទេសស៊ីរីនោះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅពាក់កណ្ដាល យប់ថ្ងៃសុក្រតទៅ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top