ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​ បន្ត​ចុះពិនិត្យ​​​ជាក់​ស្តែង​​ស្ថានភាពទំនប់អាងទឹក​លេខ៥  ក្នុងស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់

នារសៀលថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ​ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ​២០២៤​ ក្នុងឱកាសចុះពិនិត្យស្ថានភាព និងដោះស្រាយបញ្ហា​ទឹក​នៅ​ខេត្តភាគពាយ័ព្យ​​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និងឧតុនិយម ​បានបន្តចុះ​ពិនិត្យជាក់ស្តែង​​ស្ថានភាពទឹកនៅទំនប់អាង​ទឹក​​លេខ៥​ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

អញ្ជើញអមដំណើរ​ លោក រដ្ឋមន្ត្រី​ ចុះពិនិត្យទំនប់អាងទឹកលេខ៥ ដែលស្ថិតនៅ​ចម្ងាយ ៤៨គីឡូម៉ែត្រ​ ភាគខាងត្បូង ក្រុងពោធិ៍សាត់​ នាពេលនេះរួម​​មាន​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការលោក ​រដ្ឋលេខាធិការ​ ថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេស​ក្រសួង និង​លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តពោធិ៍សាត់​។​

លោក រដ្ឋមន្ត្រីមានប្រសាសន៍ថា​ ប្រតិបត្តិការបើកទំនប់អាងទឹកលេខ៥ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ ដើម្បី​ផ្តល់ទឹកជួយស្រោចស្រពស្រូវប្រាំងរបស់បងប្អូន​ប្រជាកសិករ​​ ដែលបាន​បន្ត​ធ្វើ​ការងារ​បង្កបង្កើនផល​លើសពី​ផែនការ​កំណត់ដែលអាចស្រោចស្រព​ បាន​បង្ហាញឱ្យឃើញពីការយកទុកដាក់របស់រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំប្រកបដោយភាពឈ្លាសវៃ​ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ ជួយដល់បង​ប្អូនប្រជាកសិករ​ដែលកំពុង​ជួបការខ្វះខាតទឹក។

សូមបញ្ជាក់ថា​ ទំនប់អាងទឹក​លេខ៥​ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១៣ មានប្រវែង ៤៧៧ម៉ែត្រ​​​ មានកម្ពស់ ២៥ម៉ែត្រ និងស្តុកទឹកបាន ២៤,៥លានម៉ែត្រគូប។ ទំនប់នេះ​​ បាន​ជួយ​ដល់​ការស្រោចស្រព​ បន្ថែមពីលើប្រព័ន្ធស្រោចស្រពដំណាក់អំពិល​ និងចារឹក ស្ថិត​ក្នុង​ស្រុកបាកាន​​ និងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់៕

To Top