បរទេស៖ យន្តហោះយោធាមួយគ្រឿងរបស់វៀតណាម បានជួបឧបទ្ទវហេតុធ្លាក់ភ្លាមៗ នៅតំបន់ជុំវិញខេត្ត Quang Nam ភាគកណ្តាលព្រឹកថ្ងៃអង្គារ។ របាយការណ៍បឋមបញ្ជាក់ថា ការធ្លាក់នេះ បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ តែមិនមានមនុស្សរងគ្រោះឡើយ ។
យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Hoàng Trung Kiên ស្នងការនយោបាយនៃកងពលលេខ ៣៧២ (ការពារដែនអាកាស – អង្គភាពទ័ពអាកាសនៃក្រសួងការពារជាតិ) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាមថា អ្នកបើកយន្តហោះបានចុចឆ័ត្រយោង ហើយហោះគេចពីយន្តហោះ មុនពេលវាធ្លាក់។
យន្តហោះដែលត្រូវបាន កំណត់អត្តសញ្ញាណថាជាប្រភេទ SU-22 ដែលមានលេខសម្គាល់ ៨០ នៃកងវរសេនាធំ E929F372 ពីមូលដ្ឋានការពារអាកាស – មូលដ្ឋានទ័ពអាកាសនៅទីក្រុង Đà Nẵng ត្រូវបានហោះសាកល្បងដោយប្រធានក្រុម Đỗ Tiến Đức អំឡុងពេលហ្វឹកហាត់ជាប្រចាំ។
ការរកឃើញបឋមបង្ហាញថា ឧបទ្ទវហេតុនេះបណ្តាល មកពីការបាត់បង់ការគ្រប់គ្រង។
សូមជម្រាបថា កាលពីម៉ោងប្រហែល ១១ ព្រឹក ថ្ងៃទី៩ ខែមករា យន្តហោះ Su-22 បានធ្លាក់នៅប្លុកផ្លូវ Bình Ninh (ទីប្រជុំជន Điện Bàn) ខណៈពេលកំពុងហោះហើរហ្វឹកហាត់។ ផ្នែកខាងមុខនិងផ្នែកខាងក្រោយរបស់ យន្តហោះបានធ្លាក់ពីចម្ងាយប្រហែល ២០០ ម៉ែត្រនៅកន្លែងធ្លាក់ ៕
ប្រែសម្រួលៈ ណៃ តុលា