ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្រ្តីថា ក្រសួងការងារ បានអនុវត្តអនុសាសន៍៦ចំណុច គ្រប់ជ្រុងជ្រោយ

រូបភាពពី៖​ STPM

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៤​ បានលើកឡើងថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំបំពេញការងារយ៉ាងសកម្ម និងគ្រប់ជ្រុងជ្រោយនូវការងារដែលជាអនុសាសន៍របស់សម្តេចនារយៈពេល៤ខែដើមអាណត្តិមកនេះ។ 

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា៖ «ក្រសួងបានធ្វើ និងសូមកោតសរសើរដែលអនុវត្តបាននូវចំណុចអនុសាសន៍ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀត[វិស័យការងារ]…យើងធ្វើច្រើនណាស់»។

ការសរសើរបែបនេះបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តីបានស្តាប់របាយការណ៍របស់លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

សម្តេចសង្កត់ធ្ងន់ថាទាំងនេះហើយជាយន្តការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយ និងការអនុវត្តន៍ជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែងដោយមិនរងចាំយូ និងពន្យាពេលនោះទេ។ តួរយ៉ាងក្រសួងការងារសម្តេចបានដាក់ចេញអនុសាសន៍តាំងពីដើមអាណត្តិហើយរហូតពេលនេះសម្រេចបានការងារជាផ្លែផ្កែពិតប្រាកដមែន។

សូមបញ្ជាក់ថា ការងារ៦ចំណុចដែលសម្តេចនាយករដ្ឋមន្ត្រីបានដាក់ឱ្យក្រសួងការងារ រួមមាន ទី១ ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។  ទី២ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ ទី៣ ការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន១,៥ លាននាក់។ទី៤. ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ហាត់ការ និងកម្មសិក្សា។ ទី៥. ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងរហូតកូនមានអាយុ២ឆ្នាំ និងទី៦. ការធានានូវភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ និងចលនាប្រឡងប្រណាំងយកពាន “សហគ្រាសមួយគឺជាសហគមន៍សុខសាន្តមួយ”៕

To Top