ភ្នំពេញ ៖ ជនសង្ស័យ៧៥នាក់ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន ៥៩ករណីដែលកើតឡើងទូទាំងប្រទេស និងបង្ក្រាបបាន ៥១ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥៩ករណីដែលបង្ក្រាបបាន មានករណីលួចចំនួន ២១ករណី អំពើហិង្សា ១៧ករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) ៣ករណី រំលោភសេពសន្ថវៈ ៣ករណី ឆក់មាន ២ករណី និងក្រៅពីនេះ ឆបោក ប្រើប្រាស់អាវុធខុសច្បាប់ ឃាតកម្ម និងបំពានផ្លូវភេទ កើតឡើង ១ករណីប៉ុណ្ណោះ ក្នុងមួយបទល្មើសមួយ នៅទូទាំងប្រទេស។
ដើម្បីធានាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការអនុវត្តវិធានការ ប្រកបដោយសង្គតិភាព តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងផ្ដល់អនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានកំណត់វិធានការយ៉ាងយកចិត្តទុកដាក់បំផុត ពិសេសការដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយទទួលខុសត្រូវ លើការចាត់វិធានការប្រឆាំងបទល្មើសនានាឲ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យរងដដែលនេះក៏បានបន្តទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីខេត្ត ក្រុងស្រុកខណ្ឌទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដើម្បីបង្ការ និងបង្ក្រាបបទល្មើសទាំងឡាយ ជាពិសេសបទល្មើសដែលពាក់ព័ន្ធនឹងទិសដៅអាទិភាពទាំង ៦ ដែល លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ ហើយលោកតែងតែក្រើនរម្លឹកជារឿយៗ ដល់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ៕