បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា ការស៊ើបអង្កេតផ្ទៃក្នុងនៃការអនុវត្ត លទ្ធកម្មយោធារបស់ប្រទេសនេះ បានបង្ហាញឱ្យឃើញនូវការចំណាយ ទាក់ទងនឹងចោរកម្មមានចំនួនទៅដល់ ២៦២លានដុល្លារ។
យោងតាមការដកស្រង់ព័ត៌មានដោយ RT ជនល្មើសដែលត្រូវបានចោទប្រកាន់ អាចនឹងត្រូវកាត់ទោសព្រហ្មទណ្ឌ ចំពេលមានការបង្ក្រាបអំពើ ពុករលួយនាពេលខាងមុខនេះ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov កាលពីថ្ងៃចន្ទបានប្រកាសលទ្ធផល នៃការស៊ើបអង្កេតដែលបានចាប់ផ្តើម នៅពេលដែលគាត់ចូលកាន់តំណែង កាលពីបួនខែមុនមកម្ល៉េះ។
លោករដ្ឋមន្ត្រីបាននិយាយទៀតថា ក្រសួងកំពុងធ្វើការដើម្បី សម្អាតយោធារបស់ប្រទេសនៃ អ្នកចូលរួមដែលមិនសមហេតុផល ទាំងក្នុង និងក្រៅស្ថាប័នក៏ដូចជាការ សហការជាមួយភ្នាក់ងារអនុវត្តច្បាប់ ដើម្បីនាំយកមន្ត្រីពុករលួយមកទទួលខុសត្រូវ។
គួរឲ្យដឹងដែរថា អ៊ុយក្រែននៅតែបន្ត ជាប់ចំណាត់ថ្នាក់ជាប្រទេស ពុករលួយបំផុតមួយរបស់ពិភពលោក នេះបើយោងតាមអង្គការតម្លាភាពអន្តរជាតិឬ Trasparency International៕
ប្រែសម្រួល៖ ស៊ុន លី