ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ នៅក្នុងកិច្ចប្រជុំសាមញ្ញា លើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញការទប់ស្កាត់ ក្មេងទំនើងនៅតាមសាលារៀន ឲ្យបានតឹងរឹងថែមទៀត ដោយសារថ្មីៗនេះ សិស្សសាលាស្រីៗ នៅតែបន្តសកម្មភាពប្រើហឹង្សាព្រួតវាយគ្នា ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានកោតសសើរ ចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផល រីកចម្រើនលើគ្រប់ វិស័យក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែក អនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ក្នុងនោះ ប្រធានក្រុមប្រឹក្សារូបនេះ ក៏បានកោតសរសើរ សមត្ថកិច្ចពាក់ព័ន្ធ ដែលបានខិតខំបង្ក្រាប បទល្មើសព្រហ្មទណ្ឌ បានប្រមាណ ៩៧% នៃបទល្មើសដែលបានកើតឡើងក្នុងខែ។ ជាមួយនេះ បានបង្ក្រាបក្មេងទំនើង និងបទល្មើស គ្រឿងញៀនបានជាច្រើនករណី។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះ បទល្មើសព្រហ្មទណ្ឌមានការថយចុះ ៣២លើក បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៨៦,៤៤% បង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀន បានជាច្រើនករណីគួរឱ្យកត់សម្គាល់។
ក្នុងឱកាសចូលរួមជាអធិបតី នៃកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា ឆ្នាំថ្មី២០២៤នេះ មន្ត្រីរដ្ឋបាលរបស់យើង ត្រូវតែបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែ ល្អប្រសើរជាងមុនថែមទៀត ពិសេសគឺ ដាច់ខាតមិនឲ្យមាន ការយកតម្លៃក្រៅសេវា ដែលបានកំណត់ឡើយ ។
ក្នុងនោះ លោក ឃួង ស្រេង បានអះអាងថា អាជ្ញាធរនិងកងកម្លាំងចំណុះ ឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បេ្តជ្ញាចិត្តអនុវត្តឲ្យបានល្អបំផុត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យកម្ពុជា សម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេស មានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
លោកអភិបាលរាជធានី ក៏បានបញ្ជាក់ថា “រដ្ឋបាលរាជធានី បានជំរុញការទប់ស្កាត់ក្មេងទំនើង នៅតាមសាលារៀន ឲ្យបានតឹងរឹងថែមទៀត ដោយសារថ្មីៗនេះ សិស្សសាលាស្រីៗ នៅតែបន្តសកម្មភាពប្រើហឹង្សាព្រួតវាយគ្នា”៕