ព័ត៌មានជាតិ

អតីតប្រមុខការទូតជប៉ុន បង្ហាញជំនឿចិត្ត លើរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្នុងការបន្តថែរក្សា សមិទ្ធផលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយ

" "

ភ្នំពេញ៖ លោក កូមួរ៉ា ម៉ាសាហ៊ិកូ (Komura Masahiko) អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញនូវជំនឿទុកចិត្ត លើរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយ បន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ។

ការបង្ហាញជំនឿទុកចិត្តនេះ ធ្វើឡើងក្នុងឱកាសអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១០ មករា នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។

" "

ក្នុងជំនួបនោះសម្តេចតេជោ បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានជួយយកចិត្តទុកដាក់ដល់ សុខទុក្ខនិងសុវត្ថិភាពរបស់និស្សិត កម្មសិក្សាការី និងពលករកម្ពុជា ដែលកំពុងសិក្សា និងធ្វើការនៅតំបន់រងគ្រោះ ដោយសារការរញ្ជួយផែនដីផងដែរ។

" "

ជាមួយគ្នានោះដែរលោក កូមួរ៉ា ម៉ាសាហ៊ិកូ កោតសរសើរចំពោះតួនាទីស្នូលរបស់សម្តេចតេជោ ក្នុងការសម្រេចបាននូវសន្តិភាពពេញលេញក្នុងដំណាក់កាលបន្តបន្ទាប់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស ព្រមទាំងការការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន មកទល់សព្វថ្ងៃនេះ។

ទន្ទឹមនេះ លោកបានបង្ហាញនូវជំនឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយភាពជឿជាក់ ក្នុងការបន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការបន្តដឹកនាំប្រទេសកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោ និងអតីតរដ្ឋមន្ត្រីការបរទេស ក៏បានយកឱកាសនេះ ពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហា ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលក្នុងនោះមានទាំងស្ថានការណ៍នៅមីយ៉ាន់ម៉ាផងដែរ ៕

To Top