ព័ត៌មានជាតិ

សម្តេចធិបតី៖ បើផ្តល់ឱកាសស្មើគ្នា ស្ត្រីក៏មានលទ្ធភាព ទាញយកសក្ដានុពល ដែលអាចធ្វើបាន និងមានភាពជោគជ័យ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វត្តមាននិងភាពជោគជ័យរបស់ស្ត្រី មានគ្រប់វិស័យ ក៏ដូចជាតួនាទីនៅក្នុងការដឹកនាំ កាន់តែមានការរីកចម្រើន និងកាន់តែកើន ហើយនេះបញ្ជាក់ថា បើសិនជាផ្តល់ឱកាសស្មើគ្នា ស្ត្រីក៏មានលទ្ធភាពនៅក្នុងការទាញយក នូវសក្ដានុពលដែលអាចធ្វើបាន និងមានភាពជោគជ័យ ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤​ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសុខាភ្នំពេញ​។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង ទៅលើតួនាទីរបស់ស្ត្រី នៅក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័ននូបនីយកម្ម និងការបញ្ជៀបយេនឌ័រ នៅតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលបានផ្តល់បរិយាកាស អំណោយផល និងការលានុវត្តភាព ដល់ស្ត្រី ចូលរួមប្រកបដោយ សក្កានុពល និងកិច្ចការដ៏សំខាន់ទាំងនេះ ” ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បន្តថា “បន្ថែមពីលើនេះ កម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត ជាប្រទេសផ្តល់សេរីភាព ទូលំទូលាយ សម្រាប់ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម និងធុរកិច្ច ព្រមទាំងទទួលបាននូវតួនាទី កាន់តែច្រើន នៅក្នុងសមាសភាពស្ត្រី ជាថ្នាក់ដឹកនាំ នៅគ្រប់កម្រិត ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងតុលាការ ហើយស្ត្រីក្នុងតួនាទី ធ្វើសេចក្តីសំរេច ក្នុងវិស័យមុខងារសាធារណៈ មានចំនួន ២៧% និងមន្ត្រីរាជការជាស្ត្រី មានចំនួន ៤២% នៅឆ្នាំ២០២២នេះ” ។

សម្តេចធិបតី បញ្ជាក់ថា “យើងក៏ឃើញថា វត្តមាន និងភាពជោគជ័យរបស់ស្ត្រី នៅក្នុងគ្រប់វិស័យ នៅក្នុងធុរកិច្ច នៅក្នុងវិស័យសិល្បៈកីឡា នៅក្នុងវិស័យសន្តិសុខ ការពារជាតិ ក៏ដូចជាតួនាទីនៅក្នុងការដឹកនាំ កាន់តែមានការរីកចម្រើន និងកាន់តែកើន ហើយនេះបញ្ជាក់ថា បើសិនជាផ្តល់ឱកាសស្មើគ្នា ស្ត្រីក៏មានលទ្ធភាពនៅក្នុងការទាញយក នូវសក្កដានុពលដែលអាចធ្វើបាន និងមានភាពជោគជ័យ” ។

សម្តេចធិបតី​ហ៊ុន ម៉ាណែត បន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ​នឹងបន្តនូវមរតដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបន្តជំរុញ​និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីស្ត្រី នៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាតីរបស់ស្ត្រី ក្នុងការចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម ទទឹមនេះ រាជរដ្ឋាភិបាល និងពង្រឹងភាពជាពលរដ្ឋ នៅក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់​ ប្រកបដោយសិល្បធម៌ សមធម៌ បរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល តាមរយៈការផ្តល់ឱកាសបន្ថែមទៀត សម្រាប់ការចូលរួមរបស់ស្ត្រី ឲ្យកាន់តែច្រើន ​និងទូលំទូលាយ នៅក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ជាក់ស្តែងរាជរដ្ឋាភិបាល បានកំណត់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រី​ នៅគ្រប់វិស័យ ជាអទិភាព នៅក្នុងរបៀបវារៈ គោលនយោបាយ នៅក្នុងយុទ្ធសាស្ត្រ បញ្ញកោណ ដំណាក់កាលទី១ ដែលប្រកាសដាក់ឲ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ និងគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ដែលនឹងត្រូវដាក់ឲ្យអនុវត្តឆាប់ៗខាងមុខនេះ”៕

To Top