ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ណែនាំឱ្យសិក្សារៀបចំ ផែនការមេ និងក្របខណ្ឌអភិវឌ្ឍន៍ គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ

" "

ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រាជរដ្ឋាភិបាល ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសិក្សារៀបចំផែនការមេ និងក្របខណ្ឌអភិវឌ្ឍន៍ គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS១១, UM២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី ប៉េង ពោធិ៍នា បានថ្លែងថា ដើម្បីចូលរួមសម្រេចឱ្យបាន ស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានដាក់ចេញនូវផែនការ អាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា រួមទាំងការធ្វើកំណែទម្រង់ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកមានភាពប្រកួតប្រជែង និងការផ្តល់សេវាមានភាពឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពផងដែរ ។

" "

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «នាពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានណែនាំក្រសួង សាធារណការ និងដឹកជញ្ជូន ឱ្យសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសិក្សារៀបចំផែនការមេ និង ក្របខណ្ឌអភិវឌ្ឍន៍ គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញ ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ ជាមួយផ្លូវសមុទ្រ រួមទាំងមណ្ឌលអាជីវកម្មអាទិភាព សម្រាប់ប្រតិបត្តិការអាជីវកម្មកំពង់ផែផងដែរ»។

" "

លោករដ្ឋមន្ដ្រី បន្ដថា ទន្ទឹមនឹងនេះ ក្រោមកិច្ចសម្របសម្រួល របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បាន និងកំពុងចូលរួមសិក្សា និង រៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែ និងមជ្ឈមណ្ឌលភស្ដុភារកម្មនៅក្រុងព្រះសីហនុ ដើម្បីជំរុញលើកកម្ពស់ ការអភិវឌ្ឍវិស័យកំពង់ផែនៅកម្ពុជា។

សូមបញ្ជាក់ថា ចំណតផែរណប ពហុបំណង TS១១ មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កើតចេញពីការ សហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ៤ ហិកតា។ ចំពោះចំណតផែរណបពហុបំណង UM២ មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។ ចំណតផែរណបពហុបំណង UM២ គឺកើតចេញពីការសហការវិនិយោគរវាង ក.ស.ភ. ជាមួយក្រុមហ៊ុន PTLS Cooperation Co., Ltd. លើផ្ទៃដីទំហំ ១៦,៣ ហិកតា ។ ដោយឡែកចំណតផែរណបពហុបំណង LM២៦ មានទីតាំងស្ថិតនៅ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង មានផ្ទៃដី ទំហំ ១៨,៦ ហិកតា ៕

To Top