ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំងថា តាមរយៈការសរសើរប្រធានាធិបតី ជាប់ឆ្នោតកោះតៃវ៉ាន់ ឡៃ ឆឹងតេ, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងលើកទឹកចិត្ត កងកម្លាំងបំបែកខ្លួន

RT News

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន បានថ្កោលទោសរដ្ឋាភិបាល លោកខាងលិច ចំពោះការគោរពខ្លាំង ដល់ប្រធានាធិបតី ដែលគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹងតេ បន្ទាប់ពីលោកទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ទីក្រុងប៉េកាំងបានព្រមានថា លោកខាងលិច មិនគួរ “ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនទេ” និងថា តាមរយៈការសរសើរប្រធានាធិបតី ជាប់ឆ្នោតរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹងតេ គឺ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងលើកទឹកចិត្ត កងកម្លាំងបំបែកខ្លួនហើយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ឡៃ ឆឹងតេ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់កោះគ្រប់គ្រងដោយខ្លួនឯងមួយនេះកាលពីថ្ងៃសៅរ៍។ លោក ឡៃ ឆឹងតេ ដែលចាត់ទុកកោះតៃវ៉ាន់ជា “ប្រជាជាតិប្រទេសឯករាជ្យ និងអធិបតេយ្យភាពរួចហើយ” នោះ គឺបានប្តេជ្ញាថា នឹងកសាងការការពាររបស់កោះនេះ ដើម្បីទប់ទល់នឹង អ្វីដែលលោកហៅថា “ការបន្តគំរាមកំហែង និងបំភិតបំភ័យពីប្រទេសចិន” ។

ភ្លាមៗបន្ទាប់ពីលោក ឡៃ ឆឹងតេ ត្រូវបានប្រកាសថា បានទទួលជ័យជំនះមកនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ញើសារអបអរសាទរទៅកាន់ ទីក្រុងតៃប៉ិ។ សាររបស់ Blinken បានសរសេរថា “យើងទន្ទឹងរង់ចាំធ្វើការជាមួយបណ្ឌិត ឡៃ និងមេដឹកនាំ របស់កោះតៃវ៉ាន់ នៃគ្រប់ភាគី ដើម្បីជំរុញផលប្រយោជន៍ និងតម្លៃរួមរបស់យើង និងដើម្បីបន្តទំនាក់ទំនងក្រៅផ្លូវការដ៏យូរអង្វែងរបស់យើង ស្របតាមគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិក” ។

ក្រោមគោលការណ៍ “ចិនតែមួយ” ទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ ប៉ុន្តែមិនគាំទ្រអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់នោះទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍នេះ ប្រធានាធិបតីអាមេរិក Joe Biden បានសង្កត់ធ្ងន់ថា អាមេរិកមិនគាំទ្រ ឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់ទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top