ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រកាសបើកជាផ្លូវការនូវកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កម្មវិធីនេះបានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានអ្នកចូលរូមប្រមាណ៣៧០០នាក់ ដែលជាសិក្ខាកាម យុវជន និងលោកគ្រូអ្នកគ្រូ រួមទាំងតំណាងវិស័យឯកជន។
ថ្លែងទៅកាន់សិក្ខាកាម លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញគឺ «គ្រប់គ្នាពេលដែល រៀនចប់គឺចេះ ចេះហើយគឺមានការងារធ្វើ»។ សម្រាប់លោករដ្ឋមន្ត្រី បើសិនជាពេលចប់មានតែសញ្ញាបត្រប៉ុន្តែអត់មានការងារធ្វើនោះក៏មិនមែនជាលទ្ធផលជោគជ័យដែលប្រមុខរាជរដ្ឋាភិបាលចង់បាននោះទេ។
ដូច្នេះថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមដំណាក់កាលដែលថ្នាក់ដឹកនាំទាំងអស់ រួមទាំងប្រជាពលរដ្ឋ សិក្ខាកាមជាយុវជន យុវតី លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យទាំងអស់ ត្រូវបន្តរួមគ្នាទៀតរហូតដល់ពេលដែលវគ្គបណ្តុះបណ្តាលនេះ បានសម្រេចដូចក្តីប្រាថ្នាដែលមានន័យថាមានការងារធ្វើ ការងារដែលល្អជាងមុន ការងារដែលមានចំណូលទៀងទាត់។ នេះបើតាមលោករដ្ឋមន្ត្រីដដែល។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីជាប្រមុខ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដើម្បីទទួលបានជំនាញជាក់លាក់មួយដោយពិតប្រាកដនិងមានការងារសមរម្យក្រោយបញ្ចប់ការបណ្តុះបណ្តាលដោយក្នុងនោះរដ្ឋាភិបាលនឹងឧបត្ថម្ភដល់យុវជនដែលជាសិក្ខាកាមមកពីគ្រួសារក្រីក្រនូវទឹកប្រាក់ចំនួន២៨ម៉ឺនរៀលក្នុងមួយខែ៕