ព័ត៌មានជាតិ

ក្រុមហ៊ុនបារាំង ចង់វិនិយោគ លើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជា ទៅកាន់បណ្តាប្រទេសនានា

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិ បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាព នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។
លោកនាយកប្រតិបត្តិ បានលើកឡើងថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាព ជាមួយក្រុមហ៊ុនក្នុងស្រុក​ ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។

ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀត លើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជា ទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត​ តាមរយៈ​ខ្សែកាបអុបទិក ក្រោមបាតសមុទ្រពីកម្ពុជា ទៅ​បណ្តា​ប្រទេស​នានា​។

ជាមួយគ្នានេះ សម្តេចធិបតី បានស្វាគមន៍ ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់​ និងបន្តកិច្ចពិភាក្សា ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន៕

To Top