ព័ត៌មានជាតិ

ទូតជប៉ុន ជឿជាក់ថា និស្សិតខ្មែរទៅសិក្សានៅជប៉ុន នឹងក្លាយជាសសរទ្រូង នៃការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា មានជឿជាក់ថា និស្សិតខ្មែរ ២៩រូប ទៅសិក្សានៅប្រទេសជប៉ុន នាខែមេសា ឆ្នាំ២០២០ខាងមុខនេះ នឹងក្លាយជាសសរទ្រូង នៃការរីកចម្រើន របស់កម្ពុជាក្នុងវិស័យផ្សេងៗគ្នា។

ក្នុងពិធីជូនដំណើរ និសិ្សតជាប់អាហារូបករណ៍ រដ្ឋាភិបាលជប៉ុន ឆ្នាំ២០២០ កាលពីថ្ងៃទី៦ មីនា លោក មិកាមិ ម៉ាសាហ៊ីរ៉ុ មានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា ក្មួយៗនឹងក្លាយទៅជាសសរទ្រូង នៃការរីកចម្រើនរបស់កម្ពុជា ក្នុងវិស័យផ្សេងៗ ដូចសិស្សច្បងមកពីជប៉ុន ដែលមានវត្តមាននៅទីនេះ។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថា ក្មួយៗនឹងស្វែងយល់ពីវប្បធម៌ និងសង្គមជប៉ុនតាមរយៈ ការប្រាស័្រយទាក់ទងជាមួយ មិត្តភក្តិជាច្រើននៅជប៉ុន ដើម្បីក្លាយទៅជាស្ពានមេត្រីភាពរវាងជប៉ុន និងកម្ពុជា»។

បន្ថែមពីនេះ ទូតជប៉ុន ប្រចាំកម្ពុជា លើកឡើងថា ខែមេសា ខាងមុខ និស្សិតខ្មែរ២៩រូប នឹងត្រូវទៅសិក្សានៅជប៉ុន គឺចំពេលរដូវផ្កាសាគូរ៉ារីកយ៉ាងស្រស់ស្អាត។ ទូតជប៉ុន សង្ឃឹមថា មុនពេលចេញដំណើរ វិធានការទាំងឡាយ នឹងចេញជាលទ្ធផលក្នុងការកាត់បន្ថយ នៃការប៉ះពាល់ មកពីជំងឺ Corona Virusថ្មី ប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតឱកាសនោះដែរ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បា បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន និស្សិតខ្មែរនឹងទទួលបាន នូវជំនាញកាន់តែច្រើន ព្រមទាំង ជួយបន្ថែមដល់ការអភិវឌ្ឍជំនាញអាជីព និងបុគ្គលិកលក្ខណៈរបស់និស្សិត ក៏ដូចជា ការចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកលើកទឹកចិត្ត ឲ្យនិស្សិតខ្មែរទៅសិក្សានៅជប៉ុន នាពេលខាងមុខ ត្រូវដើរតួជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ» របស់កម្ពុជាផង និងជានិស្សិត ពីព្រោះពួកគេជាអ្នកពាំនាំនូវអរិយធម៌ និងវប្បធម៌ របស់កម្ពុជា ទៅឲ្យប្រជាជន និងយុវជនជប៉ុន ក្នុងគោលបំណង ចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាវិជ្ជមាន ជាយូរអង្វែងរវាង កម្ពុជា-ជប៉ុន។

ជាងនេះទៅទៀត លោករដ្ឋលេខាធិការ បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាត្រូវការខិតខំបន្ថែមទៀត ដើម្បីសម្របខ្លួន និងបត់បែនទៅនឹងការ ប្រែប្រួលយ៉ាងឆាប់រហ័ស ក្នុងតំបន់ និងពិភពលោក ដែលមានភាពស្មុគស្មាញ ពិបាកប៉ាន់ស្មាន គួបផ្សំនឹងការកើតមានទ្បើងញឹកញាប់ នូវគ្រោះមហន្តរាយធម្មជាតិ និងការខូតខាតកាន់តែខ្លាំង។ លោករដ្ឋលេខាធិការបន្តថា ការរីករាលដាលនៃជំងឺឆ្លង Covid-19 នាពេលបច្ចុប្បន្ននេះ ជាឧទាហរណ៍មួយដែល បានក្លាយទៅជាការព្រួយបារម្ភ របស់សកលលោក ដែលនឹងអាចប៉ះពាល់ដល់ ការអភិវឌ្ឍនៃប្រទេសនីមួយៗ ៕

ដោយ៖ អេង ប៊ូឆេង

To Top