ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ នគរបាលខណ្ឌដង្កោត្រូវបំពេញការងារតាមច្បាប់ និងបញ្ជាថ្នាក់លើ កុំធ្វើអ្វីឲ្យហួសតួនាទី

ភ្នំពេញ ៖ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ មន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នារសៀលថ្ងៃ១៦ មករា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំកិច្ចការងារមួយចំនួនជុំវិញការពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងនោះលោកបានផ្តោតជាសំខាន់ដោយណែនាំមន្ត្រីអធិការដ្ឋាននគរបាលខណ្ឌដង្កោទាំងអស់ ត្រូវបំពេញការងារឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបទបញ្ជាថ្នាក់លើ។

ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ផ្តាំជាដាច់ខាតថា “កុំអនុវត្តតួនាទីភារកិច្ចលើសបទបញ្ជា និងគោលការណ៍ច្បាប់ បើមិនដូច្នេះទេ វាបង្កប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនគរបាលជាតិ”

ជាមួយគ្នានេះដែរ លោកស្នងការ ក៏បានណែនាំឲ្យមន្រ្តីនគរបាលយុត្តិធម៌ត្រូវពង្រឹងការយល់ដឹងច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីការកសាងនីតិវិធីបានរឹងមាំល្អ ក៏បានណែនាំឲ្យមានការបែងចែកវេនល្បាតប្រចាំការអនុវត្តជាប្រចាំនឹងមានការទទួលខុសត្រូវ ពង្រឹងការទទួលទូរស័ព្ទហតឡាញ អធិការដ្ឋាននគរបាលខណ្ឌ និងតាមបណ្តាប៉ុស្តិ៍រដ្ឋបាល នៅពេលមានប្រជាពលរដ្ឋប្តឹងរាយការណ៍ជួយអន្តរាគមន៍ត្រូវចេញដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

លោកស្នងការ ក៏បានណែនាំអំពីគោលការណ៍ចំនួន៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ដូចជា៖

១. ត្រូវរៀបចំផែនការសកម្មភាព នៅគោលដៅភូមិសាស្រ្តដែលប្រឈមកើតឡើងបទល្មើស។

២. ចាត់តាំងកម្លាំងអនុវត្តការងារ។

៣. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ។

៤. ត្រូវមានឆន្ទៈធ្វើការងារ ។

៥. ត្រូវស្មោះត្រង់វិជ្ជាជីវៈ៕

To Top