ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង សាកល្បងប្រព័ន្ធអាវុធ នុយក្លេអ៊ែរក្រោមទឹក

RT News

បរទេស ៖ កងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងជើង បាននិយាយថា កូរ៉េខាងជើង បានធ្វើតេស្តសាកល្បង ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក ដែលទើបនឹងបង្កើតថ្មី ដោយហៅសកម្មភាពនេះថា ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នា ដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យយោធា បានប្រកាសពីការសាកល្បងនេះ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន រដ្ឋកណ្តាលកូរ៉េ (KCNA) នៅព្រឹកថ្ងៃសុក្រ ដោយលើកឡើងពី “សមយុទ្ធយោធាបង្កហេតុ” ដែលធ្វើឡើងនៅជុំវិញឧបទ្វីបកូរ៉េក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ជាការឆ្លើយតប វិទ្យាស្ថានប្រព័ន្ធអាវុធក្រោមទឹក ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានធ្វើការសាកល្បងដ៏សំខាន់មួយនៃប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក ‘Haeil-5-23’ ដែលកំពុងត្រូវបានអភិវឌ្ឍនៅសមុទ្រខាងកើតនៃប្រទេសកូរ៉េ។ ការធ្វើតេស្តបានជួយអភិវឌ្ឍ “ឥរិយាបថប្រឆាំងនុយក្លេអ៊ែរក្រោមទឹក” របស់ទីក្រុងព្យុងយ៉ាង។

អ្នកនាំពាក្យរូបនេះ បានបន្តបរិហារ “ក្រុមយោធាទំនើប” នៃទីក្រុងវ៉ាស៊ីនតោន ទីក្រុងសេអ៊ូល និង ទីក្រុងតូក្យូសម្រាប់ “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់កូរ៉េខាងជើង” ដោយព្រមានអំពី “ផលវិបាកមហន្តរាយ” ប្រសិនបើពួកគេបន្តល្បែងសង្គ្រាមនៅក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top