យេរ៉ូសាឡឹម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹង រក្សាការគ្រប់គ្រង សន្តិសុខនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ក្រោយពីមានជម្លោះដែលកំពុងបន្តជា មួយក្រុមហាម៉ាស់បានបញ្ចប់ ។
លោក Netanyahu បានប្រាប់ដល់សន្និសីទ សារព័ត៌មាននៅទីក្រុង Tel Aviv ថា ប្រទេសអ៊ីស្រាអ៊ែល នឹងមាន “ការគ្រប់គ្រងសន្តិសុខពេញលេញ និងគ្រប់គ្រងរាល់អ្វីៗ ដែលចូលទៅក្នុងតំបន់ហ្គាហ្សា” ។
លោកបានបញ្ជាក់ថា នៅក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ កងកម្លាំងអ៊ីស្រាអ៊ែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធ រាប់សិបនាក់នៅក្នុងឡោមព័ទ្ធប៉ាឡេស្ទីន និងបានបំផ្លាញ ឧបករណ៍បាញ់គ្រាប់រ៉ុក្កែតផងដែរ ។
លោកបានថ្លែងថា “សង្រ្គាម នៅតែបន្តមានលើគ្រប់វិស័យ … រហូតដល់យើងទទួលបានជ័យជម្នះទាំងស្រុង” លោកបានថ្លែងទៀតថា ថវិកា នៅសម័យសង្គ្រាមដែលបានកែប្រែថ្មី គឺ មានទឹកប្រាក់ចំនួន ១៥៥ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលរាប់បញ្ចូលទាំងថវិកា បន្ថែមចំនួន៥៥ពាន់លានដុល្លា រសម្រាប់វិស័យការពារជាតិ ដែល”អាចឲ្យយោធាសម្រេច គោលដៅនៃសង្គ្រាម និងទទួលបានជ័យជម្នះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា