ព័ត៌មានជាតិ

លោក វង្សី វិស្សុត៖ ការអភិវឌ្ឍ ធនធានមនុស្ស មានទិសដៅ២

ភ្នំពេញ៖ លោក វង្សី វិស្សុត លើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស មានទិសដៅធំពីរ គឺទី១, ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌ នៃការរស់នៅល្អ និងទី២ ដើម្បីចូលរួមចំណែក ជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។
 
ការលើកឡើងរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុងឱកាសចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។

លោក វង្សី វិស្សុត បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាព ក្នុងរយៈពេលប្រមាណ២៥ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជា មានការរីកចម្រើន លើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាល ធនធានមនុស្ស គឺជាកត្តាចម្បងមួយ ក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំងពូកែ តម្រូវឱ្យមានប្រជាជនដែលមានចំណេះដឹងខ្ពស់។

លោក វង្សី វិស្សុត បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺទី១, ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

សម្រាប់លោក វង្សី វិស្សុត សាលាមួយអាចបណ្តុះបណ្តាលសិស្សឱ្យមានគុណភាពល្អ គឺអាស្រ័យលើកម្មវិធីសិក្សា និងការបង្រៀន របស់លោកគ្រូ អ្នកគ្រូ ជាពិសេសអ្វីដែលសំខាន់ជាងគេនោះ គឺនាយកសាលាតែម្តង។ ត្រង់ចំណុចនេះ លោកបានពាំនាំ នូវប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺជំរុញឱ្យខេត្តនីមួយៗ ត្រូវយកចិត្តទុកដាក់ និងមានការគិតគូឱ្យបានខ្ពស់ក្នុងការជ្រើសរើសនាយកសាលា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្ថែមថា ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់ លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានចេញនូវវិធានការគន្លឹះ ចំនួន៤រួមមានការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញ នូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស, ការបង្កើនការយកចិត្តទុកដាក់ ចំពោះសុខភាពសិស្ស តាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារ នៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្ត ដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការចូលរួមការងារអប់រំសិស្ស ក្រោមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

សម្រាប់លោក វង្សី វិស្សុត សន្តិភាពនិងការអភិវឌ្ឍន៍ ត្រូវតែដើរទន្ទឹមគ្នា ពោលគឺសន្តិភាព ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីសន្តិភាព។ កត្តានេះហើយទើបជំរុញឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានទិវាសន្តិភាព ដើម្បីឱ្យដិតជាប់នៅក្នុងស្មារតីរបស់បងប្អូន កូនចៅ ក្មួយៗ ទាំងអស់គ្នា អំពីតម្លៃ និងភាពចាំបាច់នៃសន្តិភាព។ គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ ដែលធានាសន្តិភាពជាយូរអង្វែង ជូនប្រជាជន និងប្រទេសកម្ពុជា ។

សូមរំលឹកថា អគារសិក្សា១ខ្នង មាន៥បន្ទប់នេះ ត្រូវបានឧបត្ថម្ភសាងសង់ដោយលោក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ៕

To Top