ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកាទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាឱ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។
ក្នុងជំនួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់បន្ថែមថា «សម្រាប់សមាជិក សមាជិកា គណបក្ស ដែលកំពុងមានតួនាទីបំពេញភារកិច្ច ជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវ យកចិត្តទុកដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ហើយកន្លងទៅនេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់គោលនយោបាយ << រោងចក្រ១ សហគមន៍សុខសាន១ >> ដែលជាកិច្ចការល្អមួយ លើសពីនេះក៏ត្រូវព្យាយាមដោះស្រាយនូវជម្លោះ នៅតាមរោងចក្រ សហគ្រាស រួមទាំងថែរក្សាសុខមាលភាពកម្មករអោយបានល្អផងដែរ»។
មុននឹងបញ្ចប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណដល់ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារ របស់ខ្លួនបានយ៉ាងល្អ ជាពិសេសគឺ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ កន្លងទៅ និងអាណត្តិមុនៗ ព្រមទាំងជូនពរ សមាជិក សមាជិកា ទាំងអស់អោយជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕