ព័ត៌មានជាតិ

លោក សំ វិច្ឆិកា ៖ សមត្ថកិច្ចស្នងការភ្នំពេញ កំពុងសួរ នាំបុរសបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់៤នាក់

ភ្នំពេញ ៖ អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងនៅថ្ងៃ២១ មករាថា សមត្ថកិច្ចរបស់ស្នងការ កំពុងសួរនាំបុរស បើករថយន្ត Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមនុស្ស៤នាក់ ស្លាប់។

លោកថា បន្ទាប់ពីសួរនាំរួចរាល់ហើយ នឹងកសាងសំណុំរឿងបុរសបង្កហេតុនេះ ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។

ការសួរនាំបុរសខាងលើនេះ ក្រោយសមត្ថត្រូវបានឃាត់ខ្លួន។

បុរសបង្កគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ១៨:៤០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវធ្វើឲ្យមនុស្ស៤នាក់ស្លាប់ និងខូចខាតរថយន្ត-ម៉ូតូ៦គ្រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ៕

To Top