ព័ត៌មានជាតិ

ក្រុមហ៊ុនបារាំង គ្រោងសិក្សាសមិទ្ធិលទ្ធភាព គម្រោងបំប្លែងសំរាមរបស់លំនៅដ្ឋាន ទៅជាអគ្គិសនី នៅកម្ពុជា

" "

ភ្នំពេញ៖ គម្រោងបំប្លែងសំរាមរបស់លំនៅដ្ឋាន ទៅជាអគ្គិសនី នៅកម្ពុជា ត្រូវបានក្រុមហ៊ុន VINCI Construction Grands Projets និងក្រុមហ៊ុន Sage Engineering របស់បារាំង គ្រោងសិក្សាសមិទ្ធិលទ្ធភាព ។

គម្រោងនេះ ត្រូវបានចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនទាំងពីរ ក្នុងអំឡុងពេលដែល លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល អមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាទស្សនកិច្ចផ្លូវការ នៅបារាំង ក្នុងពេលកន្លងទៅថ្មីៗនេះ។

" "

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន VINCI Construction Grands Projets និងក្រុមហ៊ុន Sage Engineering ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងបំប្លែងសំរាមរបស់លំនៅដ្ឋាន ទៅជាអគ្គិសនី សម្រាប់បញ្ចូលទៅក្នុងខ្សែសង្វាក់ នៃការគ្រប់គ្រងសំរាម នៅក្នុងរាជធានីភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជា (Feasibility Study for a Household Waste Incinerator Project (WTE) Integrated into the Waste Management Value Chain in Phnom Penh, Kingdom of Cambodia)។

" "

តាមរយៈការពង្រីកបន្ថែមនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពលរវាងកម្ពុជានិងបារាំងនេះ នឹងបន្ត ជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការងារប្រសិទ្ធភាពថាមពល ដែលប្រទេសទាំងពីរបាននិងកំពុងរួមគ្នា អនុវត្ត ហើយជាការតម្រង់ទិសឆ្ពោះទៅរកការបង្កើនល្បឿនអន្តរកាលថាមពល ទាំងនៅកម្ពុជានិងនៅក្នុងតំបន់ ក៏ដូច ជាចូលរួមជាមួយសកលលោក ក្នុងគោលដៅដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍអន្តរកាលថាមពលមានភាពធ្ងន់ មាន ស្ថិរភាព មានថ្លៃសមរម្យ ជឿទុកចិត្តបាន និងធានាបាននូវសន្តិសុខថាមពលសម្រាប់ប្រទេស ព្រមទាំងមានចីរភាព សម្រាប់បរិស្ថាន៕

To Top